(ចិន)៖ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន VIPKID របស់ចិន កំពុងសហការគ្នា បង្កើតផលិតផលដែលប្រើបច្ចេកវិទ្យាបញ្ញានិម្មិត (Artificial Intelligence- AI) សម្រាប់វិស័យអប់រំ។
ក្រុមហ៊ុន VIPKID គឺជាក្រុមហ៊ុនផ្តល់សេវាបង្រៀនអង់គ្លេសតាមអ៊ីនធើណេត សម្រាប់កុមារអាយុពី៤ទៅ១៨ឆ្នាំ។ ដោយមានស្នាក់ធំនៅក្រុងប៉េកាំង ប្រទេសចិន ក្រុមហ៊ុននេះមានសិស្សជាងកន្លះលាននាក់ និងគ្រូ៦ម៉ឺននាក់ ដែលមានការិយាល័យនៅ៩ប្រទេសដូចជាកូរ៉េខាងត្បូង ជប៉ុន និងវៀតណាមជាដើម។
លោក ចាង យ៉ានជីង អនុប្រធានផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុន VIPKID និយាយថា «ក្នុងវិស័យអប់រំ យើងឃើញថាមិនសូវមានគេប្រើបច្ចេកវិទ្យា AI ប៉ុន្មានទេ។ ក្នុងឆ្នាំ២០១៧ វិស័យនេះមានគេប្រើ AI ត្រឹមតែ១៧ភាគរយប៉ុណ្ណោះ។ វាទាបជាងឆ្ងាយណាស់ បើធៀបនឹងវិស័យពាណិជ្ជកម្មតាមអ៊ីនធើណេត និងវិស័យដឹកជញ្ជូន»។
លោក ចាង ជឺចៀន សាស្ត្រាចារ្យ សាលាវិទ្យាសាស្ត្រកុំព្យូទ័រនិងបច្ចេកវិទ្យា នៃវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង និយាយថា «ការអប់រំដោយប្រើបច្ចេកវិទ្យា AI អាចនឹងកាន់តែឆ្លាតវៃថែមទៀត ទៅថ្ងៃមុខ។ ហើយយើងក៏អាចរៀបចំការអប់រំប្រភេទនេះ ឱ្យត្រូវទៅតាមកម្រិតចំណេះដឹង និងសមត្ថភាពរបស់សិស្សនីមួយៗបានផងដែរ»។
ក្នុងនាមជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំងឡាយ ដែលបានចាប់ផ្តើមមុនគេក្នុងបច្ចេកវិទ្យា AI ក្រុមហ៊ុន Microsoft បានសហការជាមួយក្រុមហ៊ុន HP និងសេវា Dynamics 365 AI របស់ខ្លួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ថ្មី នៃការផ្តល់សេវាអតិថិជន។ បច្ចុប្បន្ន ក្រុមហ៊ុន Microsoft នឹងជួយក្រុមហ៊ុន VIPKID ដើម្បីវិភាគឥរិយាបថរបស់សិស្ស និងគុណភាពបង្រៀនរបស់គ្រូ។
លោក ចាង ឈី អនុប្រធានជាន់ខ្ពស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាស្វែងរក Microsoft ប្រចាំតំបន់អាស៊ី និយាយថា «រឿងនេះគឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយម៉ាកយីហោ របស់ក្រុមហ៊ុនណាមួយ។ វានឹងក្លាយជារឿងដ៏សំខាន់ នៅពេលដែលយើងគិតអំពីការប្រើបច្ចេកវិទ្យា AI នៅក្នុងពិភពអាជីវកម្ម។ ក្រុមហ៊ុន Microsoft មានផលិតផលល្អៗជាច្រើនសម្រាប់អាជីវកម្ម។ ឧទាហរណ៍ដូចជាផលិតផលក្លោត Azure អញ្ជឹង ដែលកំពុងមានកំណើនប្រាក់ចំណូលទ្វេដង ជារៀងរាល់ឆ្នាំតែម្តង នាពេលសព្វថ្ងៃនេះ។ ហើយផលិតផលនេះក៏ស្ថិតក្នុងចំណោមផលិតផលក្លោតកំពូលៗ ក្នុងពិភពលោកផងដែរ»។
លោក ចាង ឈី និយាយថា ក្រុមហ៊ុន VIPKID គឺលើសពីក្រុមហ៊ុនបង្រៀនអង់គ្លេស តាមអនឡាញទៅទៀត។ ពោលគឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងជាក្រុមហ៊ុនទិន្នន័យធំ។
ដោយបច្ចេកវិទ្យា AI កំពុងមានគេប្រើក្នុងវិស័យអប់រំកាន់តែច្រើនឡើងៗ អ្នកជំនាញជឿថា គោលការណ៍ចំបងនៃបច្ចេកវិទ្យា AI គឺចង់បង្កើនសមត្ថភាពរបស់មនុស្ស ជាជាងដកការងារចេញពីមនុស្ស។
លោក ចាង ជឺចៀន សាស្ត្រាចារ្យ សាលាវិទ្យាសាស្ត្រកុំព្យូទ័រនិងបច្ចេកវិទ្យា នៃវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង និយាយទៀតថា «ខ្ញុំយល់ឃើញថា វាគឺជាផ្នែកមួយនៃការអភិវឌ្ឍទៅមុខ។ បើសិនជាពួកគេអាចអភិវឌ្ឍខ្លួនបានដោយសារប្រើវា យើងគួរតែរៀនសូត្រពីពួកគេទៅ»។
លោក ចាង ឈី អនុប្រធានជាន់ខ្ពស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាស្វែងរក Microsoft ប្រចាំតំបន់អាស៊ី និយាយទៀតថា «ខ្ញុំជឿថា រលកនៃការអភិវឌ្ឍបច្ចេកវិទ្យា AI នេះ នឹងផ្តល់ពេលវេលានិងសេរីភាពកាន់តែច្រើនដល់មនុស្ស សម្រាប់ស្វែងរកឱ្យឃើញថា មនុស្សលោកគួរធ្វើកិច្ចការអ្វីខ្លះ ដែលច្នៃប្រឌិតជាងការងារនាពេលបច្ចុប្បន្ន»៕ (សារព័ត៌មាន CCTV របស់ចិន)