(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ FBI ជើងចាស់ម្នាក់លោក ភីធឺ ស្តរហ្សូក (Peter Strzok) ដែលបានឆ្លើយឆ្លងសារប្រឆាំងលោក ដូណាល់ ត្រាំ ជាមួយមិត្តរួមការងារម្នាក់របស់ខ្លួន នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ត្រូវបានបណ្ដេញចេញពីតំណែងជាផ្លូវការហើយ នាថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមសម្តីមេធាវីរបស់លោក ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
លោក Peter Strzok ត្រូវបានក្រុមតំណាងរាស្ត្របក្សសាធារណៈរដ្ឋ ចោទប្រកាន់ថា មានភាពលំអៀងប្រឆាំងនឹងលោក ដូណាល់ ត្រាំ ហើយព្រមទាំងមានបំណងរារាំងមិនឱ្យលោក ត្រាំ ឈ្នះនៅក្នុងការបោះឆ្នោតផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយការដកតំណែងលោក Strzok លោកត្រាំផ្ទាល់បានបង្ហាញពីចេតនាចង់ប្រើប្រាស់សារឆ្លើយឆ្លងនោះ ជាភស្ដុតាងបញ្ជាក់ថាការស៊ើប អង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញសំណុំរឿងរុស្ស៊ីគឺមានភាពលម្អៀងប្រឆាំងនឹងរូបលោក។
គួរបញ្ជាក់ថា លោក Peter Strzok បានចំណាយពេលជាច្រើនខែក្នុងការស៊ើបអង្កេតលើរុស្ស៊ី និងរឿងអាស្រូវបែកធ្លាយសារអេឡិចត្រូនិករបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ ចំណែកឯមេធាវីរបស់លោក Strzok គឺលោក អេតាន់ ហ្គោលមែន (Aitan Goelman) ក៏បានឱ្យដឹងដែរថា លោកត្រូវបាននាយករង FBI លោក ដេវីដ បូវឌីច (David Bowdich) បញ្ជាឱ្យបណ្ដេញចេញពីតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ៕