(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បិនចាមីន ណឺតាន់យ៉ាហ៊ូ បានលួចបំពេញដំណើរទស្សនកិច្ចជាសំងាត់ ទៅកាន់ប្រទេសអេហ្ស៊ីបកាលពីខែឧសភាកន្លងទៅ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែឡ ហ្វាតតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) ជុំវិញបទឈប់បាញ់រយៈពេលយូរនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការផ្សាយពីទូរទស្សន៍អ៊ីស្រាអែល ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
មកទល់នឹងពេលនេះ មិនមានការទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ប៉ុន្តែទូរទស្សន៍អ៊ីស្រាអែលលេខ ១០ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានជួបគ្នាកាលពីថ្ងៃទី២២ ខែឧសភា។ ពោលគឺជំនួបនេះធ្វើឡើង បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ារបស់ប្រជាជន ប៉ាឡេស្ទីនកាលពីថ្ងៃទី១៤ ខែឧសភា នៅក្នុងតំបន់ហ្កាហ្សាប្រឆាំងនឹងការរើស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដែល បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនច្រើនជាង ១០០នាក់បាត់បង់ជីវិត។ ប៉ុន្តែខាងរដ្ឋាភិបាលអេហ្ស៊ីប មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ឆ្លើយតបទៅនឹងការអះអាងនេះនៅឡើយទេ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី៣០ ខែមីនា ប្រជាជនប៉ាឡេស្ទីន ១៦៩នាក់ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល ហើយភាគច្រើននាក់ទំាងនេះស្លាប់នៅក្នុងការធ្វើបាតុកម្មតវ៉ា៕