(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាកងកម្លាំងសន្តិសុខ និងយោធារបស់ខ្លួនច្រើនជាង១០០នាក់ បាន ស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីគ្រប់គ្រងទីក្រុង Ghazni ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ទីក្រុង Ghazni ត្រូវបានគេចាត់ទុកថាគឺជាផ្លូវតភ្ជាប់ដ៏សំខាន់មួយរវាងទីក្រុងកាប៊ុល និងខេត្តកាន់ដាហា (Kandahar) ហើយការ គ្រប់គ្រងទីក្រុងមួយនេះ អាចកាត់ផ្ដាច់តំបន់គ្រប់គ្រងរបស់ក្រុមតាលីបង់ នៅភាគខាងត្បូងនៃប្រទេស ពីរដ្ឋធានីកាប៊ុល។ ដូច្នេះ ហើយ ទើបកងកម្លាំងរដ្ឋាភិបាល និងកងទ័ពសម្ព័ន្ធមិត្តណាតូ ប្រឹងប្រែងស្វះស្វែងកាន់កាប់ទីក្រុងមួយនេះឱ្យខានតែបាន ខណៈមក ទល់ពេលនេះពួកគេបានវាយដណ្ដើមបានទឹកដីមួយផ្នែកធំនៃទីក្រុង Ghazni។ ប៉ុន្តែ ទន្ទឹមគ្នាមានសេចក្ដីរាយការណ៍ជាច្រើន
អះអាងថាក្រុមតាលីបង់នៅតែបន្តគ្រប់គ្រងផ្លូវជាច្រើន និងអគារមួយចំនួននៅក្នុងទីក្រុងមួយនេះដដែល។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាហ្វាហ្កានីស្ថាន ក្រុមសកម្មប្រយុទ្ធតាលីបង់ ជាង២០០នាក់ បានស្លាប់។ ប៉ុន្តែអ្វីដែលគួរឱ្យ កត់សម្គាល់នោះគឺថា អង្គការសហប្រជាជាតិបានព្រមានថាការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងទីក្រុង Ghazni កំពុងត្រូវបានកាត់ផ្ដាច់ ដែលនេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់៕