(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នៅខាងក្រៅទីក្រុងប៊ែរឡាំង។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ដកស្រង់ដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ថែមទៀតថា មេដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាស្ដីពីបញ្ហាសង្រ្គាមនៅស៊ីរី អំពើហិង្សា នៅភាគខាងកើតប្រទេសអ៊ុយក្រែន រួមទាំងវិស័យថាមពលផងដែរ។ ជំនួបរវាងលោក ពូទីន និងលោកស្រីមឺគែល នឹងត្រូវធ្វើឡើង នៅឯវិមានរដ្ឋាភិបាលអាល្លឺម៉ង់ Meseberg ស្ថិតនៅខាងក្រៅទីក្រុងប៊ែរឡាំង។
គួរបញ្ជាក់ថា លោក ពូទីន និងលោកស្រី មឺគែល បានជួបគ្នាលើកចុងក្រោយនៅឯកិច្ចប្រជុំក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ីកាលពី ខែឧសភា៕