(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យដកតំណែងមន្រ្តីយោធាចំនួន២០រូប ក្នុងនោះរួមមានទាំង បុគ្គលឋានៈឧត្តមសេនីយ៍ឯក និង វរសេនីយ៍ឯកផងដែរ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធជាមួយអំពើលួចបន្លំនិងពុករលួយក្នុងការ ទិញសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសម្រាប់វិស័យយោធា៕
២៖ ទីបំផុតយានអវកាស Parker Solar Probe ដែលជាយានលឿនបំផុតក្នុងប្រវត្តិសាស្រ្តត្រូវបានបាញ់បង្ហោះឡើងទៅកាន់ ទីអវកាសហើយ តាមរយៈគ្រាប់រ៉ុក្កែតខ្នាត Delta IV របស់ក្រុមហ៊ុន United Launch Alliance ចេញពីរដ្ឋផ្លូរីដាភាគអាគ្នេយ៍អាមេរិកកាលពីម្សិលមិញនេះ ដើម្បីឆ្ពោះទៅសិក្សាស្រាវជ្រាវព្រះអាទិត្យ នៅរយៈចម្ងាយកៀកបំផុត ដែលពុំធ្លាប់មានយានណាមួយធ្លាប់សម្រេចបានកាលពីមុនមកឡើយ៕
៣៖ កូរ៉េខាងត្បង និងកូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំនៃប្រទេស ទាំងពីរ ក្នុងទីក្រុងព្យុងយ៉ាង នៅខែកញ្ញាមុខនេះ៕
៤៖ តួកគីបានឈានដល់ដំណាក់កាលចុងក្រោយហើយ នៃការរៀបចំបើកប្រតិបត្តិការយោធាថ្មីមួយចំនួនទៀតនៅក្នុងប្រទេស ស៊ីរី។ នេះបើតាមសម្តីរបស់ប្រធានាធិបតីតួកគីលោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan)៕
៥៖ គិតមកទល់រសៀលនេះ មនុស្សសរុប០៩នាក់ត្រូវអាជ្ញាធរតៃវ៉ាន់បញ្ជាក់ថា បានបាត់បង់ជីវិតនិងប្រមាណ១៥នាក់ផ្សេងទៀត បានរងរបួស ក្រោយគ្រោះអគ្គីភ័យដ៏ធំមួយ បានកើតមានឡើងនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងតៃប៉ិ៕
៦៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី នៅឯមូលដ្ឋានទ័ពអាកាស ហាមៃមីម (Hmeymim) ប្រទេសស៊ីរីបានបាញ់ទម្លាក់ យន្ដហោះដ្រូនពីរគ្រឿងរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់កំពុងស្ថិតក្នុងប្រតិបត្តិការបន្ធូរបន្ថយជម្លោះនៃខេត្ត អ៊ីដលីប (Idlib)៕