(ម៉ា​នីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យ​ដកតំណែងមន្រ្តីយោធា​ចំនួន២០រូប ក្នុងនោះរួម​មានទាំង​បុគ្គលឋានៈ​​ឧត្តមសេនីយ៍ឯក និង វរសេនីយ៍ឯកផងដែរ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធជាមួយអំពើលួចបន្លំ​និងពុករលួយ ក្នុងការទិញ​​​សម្ភារៈផ្គត់ផ្គង់​ផ្នែកវេជ្ជសាស្រ្តសម្រាប់វិស័យយោធា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

ដំណឹងខាងលើត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់លោក ឌូតឺតេ ផ្ទាល់ ហើយវាគឺជាវិធានការក្តៅគគុកចុងក្រោយបំផុត​​មួយរបស់​លោក​ប្រធានាធិបតីហ្វីលីពីនជើងខ្លាំងរូបនេះ នៅក្នុងសមរភូមិ​ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ មន្រ្តីដែលត្រូវសម្រេចដកមុខតំណែង​ខាងលើ បានរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងករណី​ចំនួន១៧ផ្សេងគ្នា ស្តីពីការទិញ​បរិក្ខាផ្គត់ផ្គង់ក៏ដូចជាថ្នាំពេទ្យ ក្នុងតម្លៃ​​​បំប៉ោងលើសពីតម្លៃដើម។ បើតាមលោក ហារី រ៉ូគូ (Harry Roque) ដែលជាអ្នកនាំពាក្យ លោក ឌូតឺតេ មានការខឹងសម្បារជាខ្លាំង​​ពេល​ដឹងថាមានអំពើគួរឲ្យស្អប់ខ្ពើមនេះកើតឡើង ហើយបង្គាប់ឲ្យ​ទម្លាក់ថវិកា​ជិត០១លានដុល្លារ ដើម្បីជួយមន្ទីរពេទ្យធំរបស់យោធា ដែល​​ករណីពុករលួយទាំងអស់នេះ បានកើតមានឡើង។

គួរជម្រាបថា នាពេលកន្លងទៅនេះ នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក លោក ឌូតឺតេ បានដកហូតតំណែង​មន្រ្តី​ជា​​ច្រើន​រូបមកហើយ ដោយក្នុងនោះក៏រួមមានទាំងមន្រ្តីដែលរូបលោក បានតែងតាំងផ្ទាល់ផងដែរ៕