(អាហ្វ្រិក)៖ ប្រធានការិយាល័យបោះឆ្នោតម្នាក់​ បានបាត់បង់ជីវិត ក្រោយស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ នៅភាគខាងជើង​ប្រទេសម៉ាលី នៅចំពោះមុខបញ្ហាផ្នែកសន្តិសុខ ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ដំណើរ​ការ​បោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំចុងក្រោយ កាល​ពី​ម្សិល​មិញ នៅ​ក្នុង​ប្រជាជាតិអាហ្រិកមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

ការរឹងបន្តឹងសន្តិសុខយ៉ាងរឹងមាំត្រូវបានធ្វើឡើង នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីម៉ាលីជុំទីពី ដែលជាជុំចុងក្រោយ រវាង​មេដឹកនាំបច្ចុប្បន្នលោក អ៊ីប្រាហ៊ីម ប៊ូបាខា គីតា (Ibrahim Boubacar Keita) និងអតីត​រដ្ឋមន្រ្តីហិរញ្ញវត្ថុលោក ស៊ូម៉ៃឡា ស៊ីសសេ (Soumaila Cisse)។ ប៉ុន្តែតាមការឲ្យដឹងពីក្រុមសង្កេតការណ៍ក្នុងតំបន់ ការិយាល័យបោះឆ្នោតជាង១០០កន្លែង បានបង្ខំបិទទ្វា​នៅតាម​តំបន់ភាគកណ្តាលនិងភាគខាងជើង​ប្រទេស។ ខណៈពេលនេះ ការរាប់សន្លឹកឆ្នោត​ដើម្បីរកអ្នកទទួលជ័យជម្នះ កំពុងតែប្រព្រឹត្តទៅ។

គួរជម្រាបថា នាអំឡុងការបោះឆ្នោត​ជុំទីមួយកាលពីថ្ងៃទី២៩ ខែកក្កដា ក៏មានករណីអំពើហិង្សានិងការគំរាមកំហែង ពីក្រុម​ឧទ្ទាម​ប្រដាប់អាវុធ ដែលបានបណ្តាលឲ្យ​ការិយាល័យបោះឆ្នោត​រាប់រយកន្លែង ត្រូវបានបិទផងដែរ ប៉ុន្តែពុំមានមនុស្សស្លាប់ឡើយ ​ដោយ​មក​ដល់ជុំចុងក្រោយកាលពីម្សិលមិញនេះ គឺបេក្ខឈរឈ្មោះ​ត្រូវបានបន្ថយពី២៤នាក់មកត្រឹមតែ០២នាក់។

ប្រទេសម៉ាលី គឺជាប្រជាជាតិមិនមានព្រំដែនជាប់សមុទ្រមួយ នៅ​តំបន់អាហ្វ្រិកខាងលិច ដែលមាន ក្រុមជនជាតិ​ភាគ​តិច​រស់​នៅ​ចម្រុះ​យ៉ាង​តិច​២០ក្រុម និង​ភាគ​ច្រើនជាជនទីទាល់ក្រហើយបាននិងកំពុងតែប្រឈម​មុខ​ជាមួយ​អំពើ​ហិង្សា​និង​វាយ​ប្រហារ​ឥត​ស្រាក​ស្រាន្ត​ពី​ក្រុមសកម្មប្រយុទ្ធ ​ព្រម​ទាំងជម្លោះរវាងសហគមន៍៕