(តៃប៉ិ)៖ គិតមកទល់រសៀលនេះ មនុស្សសរុប០៩នាក់ត្រូវអាជ្ញាធរតៃវ៉ាន់បញ្ជាក់ថា បានបាត់បង់ជីវិត និងប្រមាណ១៥នាក់ផ្សេងទៀតបានរងរបួស ក្រោយគ្រោះអគ្គីភ័យដ៏ធំមួយ បានកើតមានឡើងនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងតៃប៉ិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ក្នុងចំណោមអ្នករងរបួសទាំង១៥នាក់ មាន១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកឯទៀតរងរបួសស្រាល។ បើតាមភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំក្រុងតៃប៉ិ គ្រោះអគ្គីភ័យខាងលើ បានចាប់ផ្តើមឆាបឆេះនៅជាន់ទី០៧ នៃមន្ទីរពេទ្យ Taipei Hospital កាលពីវេលាម៉ោង០៤៖៣៦នាទីទាបភ្លឺថ្ងៃចន្ទនេះ ចំពេលមានអ្នកជំងឺចំនួន៣២នាក់ កំពុងសម្រាកព្យាបាលនៅជាន់នោះ។
គួរជម្រាបថា ភ្នាក់ងារពន្លត់អគ្គីភ័យប្រហែល២០៨នាក់ និងរថយន្តទឹកចំនួន៧៦គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ហើយអគ្គីភ័យនោះ ត្រូវពន្លត់បានសម្រេចទាំងស្រុងនៅជិតមួយម៉ោងក្រោយ ពោលគឺនៅម៉ោង៥៖២៧នាទី ខណៈដែលមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ដ៏អាក្រក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕