(ហ្សាការតា)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ បានអះអាងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី វាយប្រហារលើកោះលុមបុក (Lombok) បានកើនដល់៤៣៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho ក៏បាន បញ្ជាក់បន្ថែមដែរថា ជនរងគ្រោះ ២៥៩នាក់ ត្រូវបានកំណត់អត្តសញ្ញាណ។ «ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីវាយប្រហារលើ កោះលុមបុក (Lombok) បានកើនដល់៤៣៦នាក់ ហើយភាគច្រើននៃអ្នកទាំងនេះស្លាប់ដោយសារបំណែកអគារដួលរលំសង្កត់»។ នេះគឺជាការគូសបញ្ជាក់របស់លោក Nugroho។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារលើលុមបុកកាលពីថ្ងៃទី០៥ ខែសីហា ហើយក្រៅតែពីចំនួនអ្នកស្លាប់ មនុស្ស១,៣៥៣នាក់ បានរងរបួស និងជាង៣៧០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព៕