(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីបញ្ឈប់ការពឹងអាស្រ័យរបស់ខ្លួន ទៅលើម៉ាស៊ីនគ្រាប់រ៉ុក្កែតធុន RD-180 របស់ប្រទេសរុស្ស៊ី។ នេះបើតាមការឲ្យដឹងពីលោក ជីម ប្រៃឌិនស្តាញ (Jim Bridenstine) ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ C-SPAN លោក Jim Bridenstine បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងធ្វើការខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីឲ្យខ្លួនលែងពឹងផ្អែកលើម៉ាស៊ីនរ៉ុក្កែតរបស់រុស្ស៊ី RD-180 តទៅទៀត។ លោក Bridenstine បានរំលឹកថែមទៀតថា នាពេលកន្លងមកក៏ធ្លាប់មានអវកាសយានិកអាមេរិកស្ថិតនៅលើ ISS ដែលធ្លាប់បានទៅដល់ស្ថានីយអវកាសអន្តរជាតិ ដោយការធ្វើដំណើរតាមរយៈគ្រាប់រ៉ុក្កែតរុស្ស៊ី Soyuz ផងដែរ។
គួរជម្រាបថា បច្ចុប្បន្នរុស្ស៊ីកំពុងធ្វើការផ្គត់ផ្គង់ម៉ាស៊ីន RD-180 ទៅដល់សហរដ្ឋអាមេរិក នៅក្រោមកិច្ចសន្យាមួយកាលពីឆ្នាំ១៩៩៧ ខណៈទីភ្នាក់ងារអវកាស NASA កំពុងអាស្រ័យលើម៉ាស៊ីននេះ ដើម្បីផ្តល់ថាមពលដល់ផ្នែកដំបូងនៃគ្រាប់រ៉ុក្កែត Atlas V ដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញធ្ងន់ៗឡើងទៅទីអវកាស។ ជាមួយគ្នានេះដែរ លោក Bridenstine បានសង្កត់ធ្ងន់ថា អង្គការ NASA មានបំណងមិនចង់ពឹងផ្អែកលើរុស្ស៊ី ប៉ុន្តែចង់បន្តរក្សាទំនាក់ទំនងល្អជាមួយទីក្រុងម៉ូស្គូ៕