(ម៉ូស្គូ)៖ គ្រាប់បែក MK-82 ផលិតដោយសហរដ្ឋអាមេរិក ទំនងជាត្រូវបានក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រើប្រាស់ ក្នុងការវាយប្រហារតាមផ្លូវអាកាស លើរថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿងនៅប្រទេសយ៉េមែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ នេះបើតាមសម្តីអ្នកសារព័ត៌មាននៅក្នុងតំបន់ម្នាក់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រុមចំរុះរបស់អារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកចំរថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង នៅក្នុងតំបន់ដាហ៍យ៉ាន (Dahyan) នៃខេត្ត សាអាដា (Saada) គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី ដោយបណ្ដាលឱ្យមនុស្ស ៥១នាក់ស្លាប់ ក្នុងនោះភាគច្រើនគឺជាកុមារ និង ៧៩នាក់ទៀតរងរបួស។
ដោយឡែកបើតាមរូបភាពបង្ហោះដោយអ្នកសារព័ត៌មានឈ្មោះ ណាស្ស៊ឺ អារាប់យី (Nasser Arrabyee) បានបង្ហាញថា បំណែកគ្រាប់បែកដែលគេរកឃើញ ទំនងជាគ្រាប់បែកអាមេរិក MK-82 ដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តលក់ឱ្យម៉ូយដុំរបស់ខ្លួន ដូចជាអារ៉ាប៊ីសាអូឌីតនោះឯង។
តែទោះជាយ៉ាងខាងមន្ទីរបញ្ចកោណបានអះអាងថា មិនបានដឹងឡើយថានរណាជាអ្នកផ្គត់ផ្គងគ្រាប់បែកប្រភេទនេះ។ «យើងមិនដែលដឹងឡើយថា គ្រាប់បែកប្រភេទនេះ គឺជាអាវុធមួយក្នុងចំណោមអាវុធ ដែលសហរដ្ឋអាមេរិកលក់ឱ្យពួកគេ (អារ៉ាប៊ីសាអូឌីត)»។ នេះគឺជាការអះអាងរបស់អ្នកនាំពាក្យទីបញ្ជាការកណ្ដាលកងទ័ពអាមេរិកលោក ចូស ចេកខ្វេះ (Josh Jacques)។
គួររំលឹកថា កាលពីឆ្នាំ២០១៦ អារ៉ាប៊ីសាអូឌីតក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរថា បានប្រើប្រាស់គ្រាប់បែក MK-82 វាយប្រហារនៅអំឡុងពិធីបុណ្យសពមួយរបស់ ហ្សេក អាលី អាល់រ៉ាវីសាន់ (Sheikh Ali al-Rawishan) ក្នុងរដ្ឋធានីសាណាអា ប្រទេសយ៉េមែន ដោយសម្លាប់មនុស្សច្រើនជាង ១៤០នាក់ និង ៥២៥នាក់ផ្សេងទៀតរងរបួស៕