(ចិន)៖ ភោជនីយដ្ឋានមួយ នៅសៀងហៃ ដែលគ្រប់គ្រងដោយក្រុមហ៊ុន អាលីបាបា កំពុងប្រើមនុស្សយន្តធ្វើជាអ្នករត់តុ។ នេះជាភស្តុតាងមួយ បង្ហាញឱ្យឃើញពីការផ្ទុះឡើង នៃឧស្សាហកម្មប្រាជ្ញាសិប្បនិម្មិត AI (Artificial Intelligence) និងមនុស្សយន្តក្នុងប្រទេសចិន។

មនុស្សយន្តរត់តុនេះ មានទំហំប៉ុនម៉ាស៊ីនកម្តៅ Microwave និងអាចរត់ទៅមកជុំវិញកន្លែងទទួលទានអាហារ ដោយរត់នៅលើផ្លូវរបស់វា។ អតិថិជនអាចប្រើកម្មវិធីមួយដើម្បីកម្មង់ម្ហូប។ បន្ទាប់មក មនុស្សយន្តទាំងនោះ នឹងយកអាហារដែលកម្មង់ទាំងនោះមកដល់តុតែម្តង។

មនុស្សយន្តរត់តុទាំងនេះ ធ្វើការនៅភោជនីយដ្ឋាន ហ៊រម៉ា (Hema) គ្រប់គ្រងដោយក្រុមហ៊ុន អាលីបាបា។ នេះជាផ្នែកមួយនៃការជំរុញរបស់ក្រុមហ៊ុន ដែលចង់បញ្ចូលបច្ចេកវិទ្យាឱ្យកាន់តែច្រើន ចូលទៅក្នុងពិភពនៃវិស័យសេវាកម្ម និងវិស័យលក់រាយ។ គោលបំណងចំបងរបស់ក្រុមហ៊ុន គឺចង់បង្កើនប្រសិទ្ធភាព និងកាត់បន្ថយចំណាយលើថ្លៃពលកម្ម។

លោក ឆាវ ហៃថាវ អ្នកគ្រប់គ្រងផលិតផល នៃភោជនីយដ្ឋានមនុស្សយន្ត ហ៊រម៉ា (Hema) បានថ្លែងថា «ប្រាក់ខែបុគ្គលិក ចេះតែកើនឡើងច្រើនទៅៗ ហើយក្នុងទីក្រុងសៀងហៃ យើងត្រូវចាយប្រហែល១៥០០ដុល្លារឯណោះសម្រាប់បើកប្រាក់ខែអ្នករត់តុម្នាក់។ ពីរបីឆ្នាំទៀត ប្រាក់ខែរបស់ពួកគាត់ អាចនឹងឡើងដល់ជិត៣ពាន់ ឬ ៤៤០០ដុល្លារឯណោះ។ ប៉ុន្តែបើយើងចំណាយលើមនុស្សយន្តតូចៗទាំងនេះ គឺយើងចំណាយតែម្តងគត់ ហើយប្រសិទ្ធភាពការងាររបស់វា គឺស្មើនឹងមនុស្សទៅហើយ»។

ភោជនីយដ្ឋាន ហ៊រម៉ា (Hema) កើតចេញពីផ្សារទំនើបពាក់កណ្តាលស្វ័យប្រវត្តិ ហ៊រម៉ា ដែលជារបស់ក្រុមហ៊ុនអាលីបាបា។ នៅក្នុងផ្សារនេះ អតិថិជនជ្រើសរើសទំនិញ ដែលគេចង់បានតាមកម្មវិធីក្នុងទូរស័ព្ទ ហើយអ្នកលក់នឹងបញ្ជូនទំនិញនោះ តាមកន្ត្រកវិលនៅលើពីដាន ឬបញ្ជូនទៅដល់ផ្ទះអតិថិជនតែម្តង។

បច្ចុប្បន្ន ក្រុមហ៊ុនអាលីបាបា មានផ្សារទំនើបពាក់កណ្តាលស្វ័យប្រវត្តិចំនួន៥៧កន្លែង នៅតាម១៣ទីក្រុងនៅប្រទេសចិន។

អ្នកនាង ម៉ា អ៊ីវឹន អតិថិជនម្នាក់បាននិយាយថា «យើងអាចជ្រើសរើសម្ហូប និងកម្មង់បាន តាមកម្មវិធីមួយ។ វាពិតជាស្រួលមែន។ មនុស្សយន្តទាំងនោះ បញ្ជូនម្ហូបមកឱ្យយើងផ្ទាល់តែម្តង ដោយមិនចាំបាច់មានអ្នករត់តុទេ។ ខ្ញុំគិតថា នេះគឺជាគំនិតដើមមែន។ វាស្រួលប្រើនិងទំនើបមែន»។

នៅប្រទេសចិន គេកំពុងពេញនិយមបញ្ចូលបច្ចេកវិទ្យាបញ្ញានិម្មិត AI ទៅក្នុងវិស័យពាណិជ្ជកម្ម។ ក្រុមហ៊ុន JD.com ដែលជាគូប្រជែងរបស់ក្រុមហ៊ុន អាលីបាបា បានប្រកាសពីផែនការរបស់ខ្លួន ដែលចង់បើកភោជនីយដ្ឋានឱ្យបាន១០០០កន្លែង នៅត្រឹមឆ្នាំ២០២០ ដោយប្រើមនុស្សយន្តជាអ្នករៀបចំម្ហូបផង និងជាអ្នករត់តុផង។

ឥទ្ធិពលរបស់ម៉ាស៊ីនស្វ័យប្រវត្តិ នាំមកនូវការព្រួយបារម្ភជាច្រើន ជាពិសេសគឺការបាត់បង់ការងាររបស់មនុស្សតែម្តង។ ឯក្រុមអ្នកគាំទ្របច្ចេកវិទ្យា AI នៅប្រទេសចិនវិញ បានព្យាករណ៍ថា នៅពេលដែលជីវភាពរស់ នៅរបស់មនុស្សកាន់តែរីកចម្រើន កិច្ចការសាមញ្ញៗប្រចាំថ្ងៃរបស់មនុស្ស ចាប់ពីរឿងជូតឥដ្ឋរហូតដល់រឿងបង្កើតភាពស្និទ្ធស្នាល នឹងត្រូវធ្វើដោយមនុស្សយន្ត នៅថ្ងៃណាមួយ៕ (សារព័ត៌មាន CCTV របស់ចិន)