(អាហ្វ្រិក)៖ ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសចិនបានបង្កើតមជ្ឈមណ្ឌលបង្ហាត់បង្ហាញ ជំនាញកសិកម្មច្រើនជាង២០កន្លែង ទូទាំងទ្វីបអាហ្វ្រិក ដើម្បីធ្វើការបង្រៀនកសិករក្នុងស្រុក និងផ្ទេរបច្ចេកវិទ្យាទៅកាន់ទ្វីបនោះ។

ក្នុងនោះមានមជ្ឈមណ្ឌលមួយ ត្រូវបានសាងសង់ឡើងនៅប្រទេស តូហ្គោ (Togo) ដែលដើរតួនាទីដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិវិស័យកសិកម្ម រវាងចិន និងទ្វីបអាហ្វ្រិក ពីព្រោះមណ្ឌលនេះបានធ្វើឱ្យបច្ចេកទេស ធ្វើកសិកម្មក្នុងប្រទេសនេះ រីកចម្រើនឈានឡើងមួយកម្រិតទៀត។

លោក ស៊ីម៉ាឡា ស៊ីនដា វីឌីកា គឺជាកសិករម្នាក់ដែលបានបោះបង់ចោល ការងារជាជាងសំណង់ ហើយងាកមកធ្វើការក្នុងមជ្ឈមណ្ឌលបង្ហាត់បង្ហាញកសិកម្ម ឡូមេ (Lome) វិញ។ ដោយសាងសង់រួចក្នុងឆ្នាំ២០១០ មជ្ឈមណ្ឌលនេះគ្របដណ្តប់លើដីទំហំ ១០ហិចតា។ ក្នុងនោះ៨ហិចតា ជាដីសម្រាប់ធ្វើស្រែ។

លោក ស៊ីម៉ាឡា ស៊ីនដា វីឌីកា អ្នកបច្ចេកទេស មជ្ឈមណ្ឌលបង្ហាត់បង្ហាញកសិកម្ម ឡូមេ (Lome) និយាយថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលអាចធ្វើការនៅទីនេះរហូតដល់សព្វថ្ងៃ។ ខ្ញុំបានរៀនចេះយ៉ាងច្បាស់នូវបច្ចេកទេសដាំស្រូវ ពោត និងដំណាំជាច្រើនផ្សេងទៀត។ ទោះជាខ្ញុំបាត់បង់ការងារក៏ដោយ ក៏ខ្ញុំនៅតែអាចដាំដំណាំនៅផ្ទះបាន ដោយមិនដាច់បាយទេ។ មនុស្សជាច្រើននៅប្រទេសតូហ្គោនេះ មិនទាន់យល់ពីសារៈសំខាន់នៃជំនាញបច្ចេកទេសនេះទេ»។

គម្រោងនេះមានបំណងចង់ផ្តល់ឲ្យកសិករ នៅប្រទេសតូហ្គោទាំងអស់ នូវបច្ចេកទេសធ្វើកសិកម្មបែបទំនើប។

លោក ហ័ង ឆាយលី ប្រធានការិយាល័យឡូមេ នៃក្រុមហ៊ុន Zhongmei Engineering Group Ltd និយាយថា «ពួកយើងមកទីនេះជាមួយនឹងគំនិតថ្មីនៃការធ្វើកសិកម្ម។ ប្រជាជនក្នុងស្រុកនៅតែបន្តធ្វើកសិកម្ម បែបដំណាំព្រៃដុត មុនពេលដែលពួកយើងមកដល់។ ប៉ុន្តែឥឡូវ បន្ទាប់ពីមានការបង្រៀនត្រឹមត្រូវមក កសិករនៅទីនេះ បានទទួលជំនាញដាំដំណាំដ៏មានប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់»

ស្រូវដែលបានដាំនៅឯមជ្ឈមណ្ឌល ទទួលបានទិន្នផលច្រើន ជាងយ៉ាងហោចណាស់ក៏៣ដងដែរ បើធៀបនឹងទិន្នផលស្រូវដែលដាំដោយកសិករធម្មតា ក្នុងករណីដីទាំងពីរនោះមានជីវជាតិស្មើគ្នា។ រូបមន្តសំខាន់ដែលនាំឱ្យជោគជ័យ គឺការថែទាំដីឱ្យបានត្រឹមត្រូវ។

លោក ស៊ីម៉ាឡា ស៊ីនដា វីឌីកា អ្នកបច្ចេកទេស មជ្ឈមណ្ឌលបង្ហាត់បង្ហាញកសិកម្ម ឡូមេ (Lome) បាននិយាយទៀតថា «ក្រៅពីផ្ទេរជំនាញទៅ ពួកយើងក៏បង្រៀនពួកគេអំពីរបៀបរៀបចំដីឱ្យល្អជាងមុន បណ្តេញបក្សី និងតិចនិចផ្សេងៗទៀតជាច្រើន។ ការប្រើប្រាស់ម៉ាស៊ីន គឺមិនសាកសមសម្រាប់ពួកគេនោះទេ ពីព្រោះពួកគេមិនមានលុយសម្រាប់ទិញវាទេ។ ហើយពួកគេអាចមានសមត្ថភាពជួលបានតែមនុស្សម្នាក់ ឬពីរនាក់ប៉ុណ្ណោះ ដើម្បីមកជួយធ្វើស្រែ។ ដូច្នេះគេត្រូវរៀនជំនាញគ្រប់គ្រងកសិដ្ឋានខ្លះដែរ»

លោក ហ័ង ឆាយលី ប្រធានការិយាល័យឡូមេនៃក្រុមហ៊ុន Zhongmei Engineering Group Ltd ថ្លែងថា «យើងនឹងសាងសង់សួនឧស្សាហកម្មកសិកម្ម ដើម្បីបញ្ចូលជំនាញកសិកម្ម និងការគ្រប់គ្រងកសិដ្ឋានបន្ថែមទៀត។ ជាឧទាហរណ៍ យើងមិនត្រូវដាំស្រូវឱ្យគៀកគ្នាពេកនោះទេ។ ប៉ុន្តែកសិករភាគច្រើននៅទីនេះ ហាក់ដូចជាមិនអើពើនឹងចំនុចនេះសោះ។ ក្រៅពីនេះ តំបន់នេះក៏ខ្វះប្រព័ន្ធធារាសាស្ត្រទៀតផង ជាពិសេសគឺនៅរដូវប្រាំងតែម្តង»៕ (សារព័ត៌មាន CCTV របស់ចិន)