(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងបង្កើតយានអវកាសប្រភេទថ្មីមួយ ដែលអាចជួយពន្យារអាយុកាលដំណើរការនៃផ្កាយរណបបាន តាមរយៈការផ្លាស់ទីផ្កាយរណបដែលគោចរខុសទីតាំង ទៅកាន់គន្លងដែលកំណត់ទុកវិញបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
គម្រោងខាងលើកំពុងស្ថិតក្រោមការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមវិស្វករជំនាញនៃបណ្ឌិតសភាបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន។ យានអវកាសជំនួយថ្មីនេះ កំពុងត្រូវគេរចនាឡើងដើម្បីអាចឲ្យវាតភ្ជាប់ទៅជាមួយផ្កាយរណបទាំងឡាយ ដែលជិតអស់សាំង ឬជួបបញ្ហាបច្ចេកទេស តាមរយៈដៃរ៉ូបូតរបស់វា ហើយជួយរុញច្រានផ្កាយរណបនោះ ទៅកាន់គន្លងដែលត្រឹមត្រូវវិញ។ យានអវកាសនេះ អាចចល័តដោយស្វ័យប្រវត្តិ ដើម្បីធ្វើប្រតិបត្តិការពន្យារអាយុកាលនេះ។
គួរជម្រាបថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់យានអវកាសខាងលើ អាចចំណាយពេលប្រមាណ ០២ឆ្នាំ ហើយនៅពេលចូលបម្រើសេវាវាត្រូវគេរំពឹងថា នឹងអាចជួយពន្យារអាយុកាលធ្វើប្រតិបត្តិឲ្យផ្កាយរណបជាច្រើនគ្រឿង បានយ៉ាងតិច ១០ឆ្នាំបន្ថែម តាមរយៈការបន្ថែមឥន្ធនៈ និងអូសទាញផ្កាយរណបដែលបាត់បង់ម្ចាស់ការនោះឲ្យទៅរកគន្លងត្រឹមត្រូវវិញ៕