​(ម៉ូស្គូ)៖ ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​រុស្ស៊ី នៅឯមូលដ្ឋានទ័ព​អាកាស ហាមៃមីម (Hmeymim) ប្រទេសស៊ីរី បានបាញ់ទម្លាក់​យន្ដហោះដ្រូន​ពីរគ្រឿងរបស់​ក្រុមសកម្មប្រយុទ្ធ​ នៅក្នុងតំបន់កំពុងស្ថិតក្នុងប្រតិបត្តិការ​បន្ធូរបន្ថយជម្លោះ​នៃខេត្ត អ៊ីដលីប (Idlib)។ នេះបើតាម​សម្តីលោក អាឡេចហ្សៃ តាស៊ីហ្គាន់កូវ (Alexei Tsygankov) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

លោក Alexei Tsygankov ជាប្រធានមជ្ឈមណ្ឌល​រុស្ស៊ីសម្រាប់​ការផ្សះផ្សាជាតិស៊ីរី បានបញ្ជាក់នៅ​ក្នុងសន្និសីទ​សារព័ត៌មាន ដ៏ខ្លីមួយ​យ៉ាងដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោង ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​រុស្ស៊ី នៅឯមូលដ្ឋាន​ទ័ពអាកាស Hmeymim បានបាញ់ ទម្លាក់យន្ដហោះដ្រូន​ពីរគ្រឿង​ នៅក្នុងតំបន់បន្ធូរបន្ថយ​ជម្លោះ​នៃខេត្ត Idlib គ្រប់គ្រង​ដោយក្រុមប្រដាប់​អាវុធ​ខុសច្បាប់»។

គួរបញ្ជាក់ថា បើតាម​លោក Tsygankov ការបាញ់ទម្លាក់យន្ដហោះ​ដ្រូនទាំងពីរខាងលើ មិនបានបង្កជា​ការខូចខាតអ្វី​នោះទេ ប៉ុន្តែ​គេសង្កេត​ឃើញថា ឧប្បដិហេតុ​របៀបនេះ​ ក៏ធ្លាប់បានកើតឡើងជាច្រើន​លើកផងដែរ​កាលពីខែមិថុនា កន្លងទៅ ជាពិសេសគឺនៅ​អំឡុងខែមេសា និងខែឧសភា ឆ្នាំ២០១៨៕