(អង់ការ៉ា)៖ តួកគីបានឈានដល់ដំណាក់កាលចុងក្រោយហើយ នៃការរៀបចំបើកប្រតិបត្តិការយោធាថ្មីមួយចំនួនទៀត នៅក្នុងប្រទេសស៊ីរី។ នេះបើតាមសម្តីរបស់ប្រធានាធិបតីតួកគីលោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
លោក Erdogan បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដើម្បីត្រៀមរៀបចំរំដោះតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសស៊ីរី ជាទីដែលយើងបានផ្តល់ស្ថិរភាព តាមរយៈប្រតិបត្តិការយោធា អឺប្រាតស៍ សែលដ៍ (Euphrates Sheild) និង អូលីវ ប្រេញ (Olive Branch) ហើយជាមួយពរជ័យជាព្រះជាម្ចាស់ ពួកយើងនឹងទទួលបានជោគជ័យថែមទៀត នៅពេលឆាប់ៗខាងមុខ ហើយនាំយកសន្តិសុខ និងសុវត្ថិភាពជូនតំបន់ទាំងនោះវិញ»។ បើតាមលោក Erdogan មនុស្សប្រមាណ ២៥០,០០០នាក់ហើយ បានវិលត្រឡប់ទៅរស់វិញនៅតាមតំបន់នានា ដែលកងទ័ពតួកគីបានបើកប្រតិបត្តិការយោធា។
គួរជម្រាបថា នាពេលកន្លងមកនេះ យោធាតួកគីក្រោមកិច្ចសហប្រតិបត្តិការ របស់ក្រុមឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អង់ការ៉ា បានបើកប្រតិបត្តិការមួយចំនួននៅប្រទេសស៊ីរី រួមមាន Operation Olive Branch នៅក្រុង អាហ្វ្រីន (Afrin) ដែលចាប់ផ្តើមកាលពីដើមឆ្នាំ២០១៨ និង Euphrates Shield កាលពីឆ្នាំ២០១៦-២០១៧ ដោយភាគច្រើននោះគឺប្រឆាំងទៅលើក្រុមសកម្មប្រយុទ្ធឃើដ។ ជុំវិញការធ្វើប្រតិបត្តិការយោធាទាំងអស់នេះ ទីក្រុងដាម៉ាសបានថ្កោលទោសថា ជាការរំលោភបំពានដល់អធិបតេយ្យភាពស៊ីរីសុទ្ធសាធ៕