(វៀងច័ន្ទ)៖ យោធាឡាវ និងក្រុមអ្នកជួយសង្រ្គោះមកពីប្រទេសសិង្ហបុរី បាននិងកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន ៩៨នាក់ ខណៈមនុស្ស ៣៦នាក់ ត្រូវបានអាជ្ញាធរឡាវអះអាងជាផ្លូវការថា បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍បាក់ទំនប់ នៅភាគខាងត្បូងប្រទេសឡាវ ដែលជាប់ព្រំដែនភាគឦសានប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកនៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីហេតុការណ៍បាក់ទំនប់នៅប្រទេសឡាវ មានការចូលរួមពីសំណាក់យោធាឡាវ ៥៨៥នាក់ និងក្រុមអ្នកជួយសង្រ្គោះមកពីសិង្ហបុរី ១៧នាក់ ដែលកំពុងធ្វើប្រតិបត្តិការនៅ ក្នុងតំបន់រងគ្រោះ។ ប៉ុន្តែទន្ទឹមគា្នគិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ជាផ្លូវការ ក្រោយគ្រោះមហន្តរាយនេះបានកើនឡើង ៣៦នាក់ ហើយក្នុងនោះរួមមានទាំងមនុស្សបីនាក់រងរបួស តែក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យផងដែរ។
គួរជម្រាបថា ទប់វារីអគ្គិសនីនៃគំរោង សេពា-សេណាំណយ (Xe Pian-Xe Nam Noy) ដែលមានការចូលរួមពីក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ថៃ និងឡាវ បានបាក់កាលពីថ្ងៃទី២៣ ខែកក្កដា ដោយបង្កជាគ្រោះទឹកជំនន់លិចភូមិចំនួន ១៣ ស្ថិតនៅក្នុងស្រុក សាណាំសៃ (Sanamxay) ខណៈក្រុមហ៊ុនមួយចំនួនបានចេញមុខរួចទៅហើយថា ពួកគេនឹងទទួលខុសត្រូវចំពោះសោកនាដកម្មនេះ៕