(គូឡាំឡាពួរ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីលោក លីម ក្វាន់អេង (Lim Guan Eng) បង្ហាញពីភាពសោកសៅរបស់លោក ទៅកាន់ប្រជាជនម៉ាឡេស៊ីទាំងអស់ក្រោយពេលដែលលោកបានចូល និងបានឃើញនាវាដ៏ទំនើបមួយគ្រឿង ដែលត្រូវបានរឹបអូសក្នុងក្របខណ្ឌនៃការស៊ើប អង្កេតលើសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
លោក Lim កាលពីថ្ងៃសៅរ៍ កន្លងទៅបានអមដំណើរជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) ធ្វើការត្រួតពិនិត្យវានាដ៏ទំនើបខាងលើនៅឯកំពង់ផែ ក្លាង (Klang)។ ប៉ុន្តែក្រោយការត្រួតពិនិត្យនេះ លោក Lim បានបង្ហាញពីភាពសោកសៅ និងខឹងសម្បារយ៉ាងខ្លាំង ដ្បិតលោកយល់ថា នាវានេះត្រូវបានទិញ តាមរយៈកេងប្រវ័ញ្ចញើសឈាមប្រជាជនម៉ាឡេស៊ី។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាហាក់ដូចជាក្ដីស្រមៃអីចឹង... ប៉ុន្តែយើងពិតសោកសៅ និងសោកស្ដាយជាទីបំផុតពីព្រោះនាវានេះត្រូវបានគេយកប្រាក់កេងប្រវ័ញ្ចទៅទិញ ហើយដែលប្រាក់ទាំងនេះអាចយកមកអភិវឌ្ឍន៍ ផ្ដល់ផល ប្រយោជន៍ដល់ប្រជាជនយ៉ាងល្អប្រសើរ»។
គួរបញ្ជាក់ថា នាវាខាងលើមានតម្លៃជិត ២៥០លានដុល្លារ ត្រូវបានគេជឿជាក់ថា គឺជាកម្មសិទ្ធិរបស់អ្នកជំនួញឈ្មោះ ជេហូ ឡូវ (Jho Low) ដែលជាមនុស្សម្នាក់ដ៏សំខាន់ នៅក្នុងសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB និងកំពុងជាប់សង្ស័យថា ជាអ្នកលុយមូលនិធិរដ្ឋទៅទិញនាវាដ៏ទំនើបនេះ៕