(វ៉ាស៊ីនតោន)៖ ទីបំផុតយានអវកាស Parker Solar Probe ដែលជាយានលឿនបំផុតក្នុងប្រវត្តិសាស្រ្ត ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាសហើយ តាមរយៈគ្រាប់រ៉ុក្កែតខ្នាត Delta IV របស់ក្រុមហ៊ុន United Launch Alliance ចេញពីរដ្ឋផ្លូរីដាភាគអាគ្នេយ៍អាមេរិកកាលពីម្សិលមិញនេះ ដើម្បីឆ្ពោះទៅសិក្សាស្រាវជ្រាវព្រះអាទិត្យ នៅរយៈចម្ងាយកៀកបំផុត ដែលពុំធ្លាប់មានយានណាមួយធ្លាប់សម្រេចបានកាលពីមុនមកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
យានអវកាសទំហំប៉ុនរថយន្តខ្នាតតូចមួយគ្រឿងនេះ នឹងធ្វើដំណើរឆ្លងកាត់តំបន់ដ៏ក្តៅរបស់ព្រះអាទិត្យឈ្មោះថា Corona ដែលជាស្រទាប់បរិយាកាសផ្នែកខាងក្រៅរបស់វា ដោយត្រូវប្រឈមមុខជាមួយកម្តៅ និងរលកវិទ្យុសកម្មដ៏អាក្រក់ៗរាប់មិនអស់។ បេសកម្មនេះ គឺជាការធ្វើដំណើរទៅកៀកផ្កាយដំបូងបំផុត ដែលធ្វើឡើងដោយមនុស្សលោក និងវានឹងជួយផ្លាស់ប្តូរការយល់ដឹងរបស់យើងទាំងស្រុងអំពីព្រះអាទិត្យ។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានអវកាសនេះនឹងធ្វើការហោះឆ្វែល Flyby យ៉ាងកៀកចំនួន ២៤លើក ជុំវិញព្រះអាទិត្យសម្រាប់អំឡុងពេល ០៧ឆ្នាំខាងមុខ ក្នុងចម្ងាយត្រឹម ៦.២លានគីឡូម៉ែត្រប៉ុណ្ណោះ ពីផ្ទៃនៃដុំបាល់ភ្លើងដ៏មហិមានេះ ដែលចម្ងាយនេះគឺកៀកជាងគ្រឿងយន្តអវកាសនានា ដែលធ្លាប់បានមកក្បែរព្រះអាទិត្យដល់ទៅ ០៧ដង។
ហេតុដូច្នេះហើយ យានអវកាស Parker Solar Probe ត្រូវហ៊ុមព័ទ្ធដោយខែលពិសេសមានកម្រាស់ ១១.៤សង់ទីម៉ែត្រ ដែលនឹងការពារយាន ពីកម្រិតវិទ្យុសកម្មដែលខ្លាំងជាងអ្វីយើងធ្លាប់ទទួលរងនៅលើផែនដីដល់ទៅ ៤៧៥ដង និងសីតុណ្ហភាពដែលអាចកើនដល់ ១,៣៧០អង្សាសេបាន។ ម៉្យាងវិញទៀតឧបករណ៍នានានៅលើ Parker Solar Probe នឹងអាចធ្វើប្រតិបត្តិការតាមធម្មតាបាន នៅក្នុងលក្ខខណ្ឌដ៏លំបាកក្បែរព្រះអាទិត្យ។
គួរជម្រាបថា យាន Parker Solar Probe ស្ទើរតែត្រូវបានគេបង្ហោះកាលពីរសៀលថ្ងៃសៅរ៍មកម្ល៉េះ ប៉ុន្តែដោយសារបញ្ហាមួយចំនួន NASA បានសម្រេចពន្យារពេលមកបាញ់នៅថ្ងៃអាទិត្យម្សិលមិញវិញ ដើម្បីធានាសុវត្ថិភាពចំពោះយានដែលមានតម្លៃ ១.៥ពាន់លានដុល្លារមួយគ្រឿងនេះ៕