(ដាម៉ាស់)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៣៩នាក់ ក្នុងនោះមានកុមារ១២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់បាត់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងដែលបណ្ដាលឱ្យអគារមួយកន្លែងដួលរលំ នៅឯខេត្ត Idlib។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
យោងតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហេតុការណ៍ផ្ទុះនេះបានកើតឡើង កាលពីថ្ងៃអាទិត្យ លើអគារមួយកន្លែងដែលគេជឿជាក់ថាជាឃ្លាំងស្ដុកអាវុធ ជាកម្មសិទ្ធិក្រុមរបស់អ្នកជួញដូរអាវុធមួយក្រុមស្ថិតនៅ ក្នុងទីក្រុង Sarmada នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី។ ខេត្ត Idlib គឺជាមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាម ហើយអាចនឹងក្លាយជាគោលដៅវាយលុក បន្ទាប់ពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី។
គួរបញ្ជាក់ថា មូលហេតុនៃហេតុការណ៍ផ្ទុះខាងលើ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ រីឯចំនួនអ្នកសា្លប់ត្រូវបានគេរំពឹងថា អាចនឹងកើនឡើងខណៈមនុស្សជាច្រើននាក់ ជាប់នៅក្រោមគំនរអគារបាក់បែក៕