(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហើបពីផែនការបង្កើតកងអង្គភាពពិសេសថ្មីមួយទទួល បន្ទុកប្រយុទ្ធប្រឆាំងនឹងសកម្មភាពភេរវកម្ម ដែលលោកផ្ទាល់ចោទថារៀបចំឡើងដោយរដ្ឋាភិបាលកូឡុំប៊ី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។
លោក ម៉ាឌូរ៉ូ បានបង្ហើបពីគំរោងបង្កើតកងអង្គភាពពិសេស នៅអំឡុងពេលថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ ថ្លែងនាឱកាសនោះ លោកម៉ាឌូរ៉ូ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានស្នើឱ្យក្រសួងការពារជាតិ បង្កើតកងអង្គ ភាពពិសេសថ្មីមួយ ដើម្បីការពារប្រជាជនរបស់យើងពីក្រុមភេរវករកូឡុំប៊ី»។ ប៉ុន្តែទន្ទឹមគ្នា ក្រុមគណបក្សប្រឆាំង ក៏បានបង្ហាញពីក្ដី ព្រួយបារម្ភផងដែរថាកងអង្គភាពនេះ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងបំបិទមាត់ពួកគេ មិនឱ្យធ្វើសកម្មភាពតវ៉ា ឬរិះគន់លើការដឹកនាំរបស់លោក ម៉ាឌូរ៉ូ ខណៈវេណេស៊ុយអេឡា កំពុងប្រឈមមុខនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងវិបត្តិ សេដ្ឋកិច្ចនៅក្នុងប្រទេស។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃទី០៤ ខែសីហា បានចោទថាអតីតប្រធានាធិបតីកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស គឺជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក ជាមួយការវាយប្រហារដោយយន្ដហោះដ្រូនផ្ទុកសារធាតុផ្ទុះ នៅឯ ពិធីព្យុហយាត្រាមួយក្នុងទីក្រុងការ៉ាកាស់។ ប៉ុន្តែ រដ្ឋាភិបាលកូឡុំប៊ី បានច្រានចោលការចោទប្រកាន់នេះ រីឯលោកម៉ាឌូរ៉ូ ក៏មិនបាន បង្ហាញភស្ដុតាងគួរឱ្យទុកចិត្តណាមួយនៅឡើយដែរ៕