(ហ្សាការតា)៖ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា យន្ដហោះធុនតូចមួយគ្រឿងបានធ្លាក់ នៅឯតំបន់ Oksibil នៃខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយសម្លាប់មនុស្ស០៨នាក់ និងម្នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Bambang Ervan បំណែកយន្ដហោះត្រូវបានគេរកឃើញនៅព្រឹក ថ្ងៃអាទិត្យនេះ នៅទីតាំងដែលយន្ដហោះនេះដាច់ការទាក់ទងជាមួយក្រុមអាជ្ញាធរអាកាសចរណ៍ក្នុងតំបន់ Oksibil។ លោក Ervan បានបញ្ជាក់បន្ថែមដូច្នេះថា៖«យន្ដហោះខាងលើត្រូវបានគេរកឃើញនៅព្រឹកថ្ងៃអាទិត្យនេះ ដោយមនុស្ស០៨នាក់បានស្លាប់ និងម្នាក់នៅរស់រាន្តមានជីវិត»។
គួរបញ្ជាក់ថា បើតាមលោក Bambang Ervan យន្ដហោះធុតតូចឈ្មោះ PAC750 គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Marta Buana airliner។ ចំណែកឯ មូលហេតុធ្លាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕