(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស កាណាដា លោកស្រី Chrystia Freeland ដើម្បីពិភាក្សាគ្នាពីជម្លោះការទូតរវាងទីក្រុងរីយ៉ាដ និងទីក្រុងអូតតាវ៉ា។ នេះបើតាម ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ប្រមុខការទូតរវាងប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាពីការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។ កិច្ចសន្ទនា តាមទូរស័ព្ទនេះធ្វើឡើង បន្ទាប់ពីលោកស្រី Nauert ផ្ទាល់បានអះអាងថាទីក្រុងវ៉ាស៊ីនតោន នឹងមិនលូកដៃចូលក្នុងជម្លោះការទូត រវាងអារ៉ាប៊ីសាអូឌីត និងកាណាដានោះទេ ដោយលើកទឹកចិត្តឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយខ្លួនឯង។
គួររំលឹកថា ភាពតានតឹងរវាងកាណាដា និងអារ៉ាប៊ីសាអូឌីត កើតមានឡើងក្រោយរដ្ឋាភិបាលទីក្រុងអូតតាវ៉ា ស្នើឱ្យអាជ្ញាធរ អារ៉ាប៊ីសាអូឌីតដោះលែងសកម្មជនសិទ្ធិមនុស្សជាបន្ទាន់។ ប៉ុន្តែ ការស្នើនេះត្រូវបានទីក្រុងរីយ៉ាដចាត់ទុកថាជាការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន រហូតដល់បណ្ដេញអគ្គរដ្ឋទូតកាណាដាចេញពីប្រទេស ព្រមទាំងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជ កម្មនិងវិនិយោគមួយចំនួនផងដែរ៕