(ប៉េកាំង)៖ អាជ្ញាធរតំបន់ភាគខាងជើងប្រទេសចិន បានសម្រេចចិត្តផ្អាកការបំផ្លាញវិហារអ៊ីស្លាមដ៏ធំមួយ នៅក្នុងតំបន់បន្ទាប់ពី មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាប្រឆាំងនឹងការបំផ្លាញវិហារមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។

ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតាំងតែពីថ្ងៃព្រហស្បតិ៍មកម្លេះ ដើម្បីទាមទារឱ្យអាជ្ញាធរចិនបញ្ឈប់ជាបន្ទាន់ការបំផ្លាញ វិហារអ៊ីស្លាមដ៏ធំមួយ នៅក្នុងទីក្រុង Weizhou នៃតំបន់ស្វយ័ត Ningxia ស្ថិតនៅភាគខាងជើងប្រទេសចិន។ ចំណែកឯ វីដេអូ ដែលគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏បានបង្ហាញដែរថាក្រុមអ្នកតវ៉ា បានប្រមូលផ្ដុំគ្នានៅខាងមុខវិហារ ខណៈប៉ូលិស បង្រ្កាបបាតុកម្មចិនកំពុងឈរនៅក្បែរ។ ក៏ប៉ុន្តែ រហូតដល់ល្ងាចថ្ងៃសៅរ៍ អាជ្ញាធរចិនម្នាក់បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចចិត្តផ្អាកការបំផ្លាញវិហារអ៊ីស្លាម Grand Mosque ដោយមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ។

គួរបញ្ជាក់ថា វិហារអ៊ីស្លាម Grand Mosque ត្រូវបានកសាងឡើងវិញកាលពីជាងពីរឆ្នាំមុនមកម្លេះ ប៉ុន្តែរដ្ឋាភិបាលចិនបានអះអាង ថាវិហារនេះគឺជាសំណង់ខុសច្បាប់ និងគ្មានការអនុញ្ញាត។ មិនតែប៉ុណ្ណោះ បើតាមឯកសារមួយរបស់រដ្ឋាភិបាលចិន បើសិនជា ក្រុមអ្នកតវ៉ាមិនព្រមបំផ្លាញវិហារនេះដោយខ្លួនឯងនៅត្រឹមថ្ងៃទី១០ ខែសីហាទេ នោះអាជ្ញាធរនឹងចុះទៅបំផ្លាញដោយផ្ទាល់៕