(ប៉េកាំង)៖ ថ្ងៃអាទិត្យនេះគឺជាខួបលើកទី៤០នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងជប៉ុន កាលពីឆ្នាំ១៩៧៨ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ ខួបលើកនេះធ្វើឡើងនៅចំពេលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាល ដ៏ល្អប្រសើរមួយ ខណៈមេដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែបានប្រើបាស់ពាក្យពេចន៍អះអាងពីទំនាក់ទំនងល្អដាក់គ្នាទៅវិញទៅមក។ តើចិន និងជប៉ុន អាចរក្សាទំនាក់ទំនងបែបនេះបានដែរឬទេ?
មូលដ្ឋានគ្រឹះនៃទំនាក់ទំនងជប៉ុន-ចិន
ការចុះហត្ថាលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងចិន និងជប៉ុន គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់សម្រាប់ទំនាក់ទំនង ការ ដោះស្រាយបញ្ហានយោបាយ ព្រមទាំងការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេស។ សន្ធិសញ្ញាសន្តិភាពនេះ មានចែងពី ចំណុចស្នូលចំនួនបួន ក្នុងនោះរួមមាន ការបន្តអភិវឌ្ឍទំនាក់ទំនងគ្នាទៅវិញទៅមកឈរលើមូលដ្ឋានផលប្រយោជន៍យុទ្ធសាស្ត្ររួម, ស្មារតីប្រឈមុខនឹងប្រវត្តិសាស្ត្រ និងសម្លឹងមើលទៅអនាគត, ការពារស្ថានភាពនៃទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសទាំង កុំឱ្យធ្លាក់ ចូលក្នុងស្ថានភាពយ៉ាប់យ៉ឺន ក៏ដូចជាដោះស្រាយបញ្ហាដោយសន្តិវិធី និងចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនានយោបាយ ការទូត និងសន្តិសុខ តាមរយៈបណ្ដាញពហុភាគី និងទ្វេភាគី។
ការត្រឡប់ទៅរកភាពប្រក្រតីវិញ
អស់រយៈជាច្រើនឆ្នាំមកនៃភាពតានតឹងលើសំណុំរឿងទីប្រជុំកោះ Diaoyu ឬហៅជាភាសាជប៉ុនថា Senkaku និងការខ្វែងគំនិតគ្នា លើការបកស្រាយពីប្រវត្តិសាស្ត្រ ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បាននិងកំពុងជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញនារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ សន្ទុះនៃការប្ដេជ្ញាចិត្តមានការរីកចំរើនគួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០១៧ នាឱកាសដែលភាគីទាំងពីរ ប្រារព្ធខួបលើកទី៤៥ នៃការធ្វើឱ្យទំនាក់ទំនងការទូតត្រឡប់ទៅរកភាពប្រក្រតីវិញ។
លើសពីនេះទៅទៀត នៅក្នុងឆ្នាំ២០១៨នេះ រដ្ឋាភិបាលជប៉ុនបានលើកឡើងជាបន្តបន្ទាប់ពីសញ្ញានៃចេតនាល្អចំពោះចិន តាមរយៈ ការបង្ហាញពីបំណងចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ជាក់ស្ដែង ថ្លែងនៅក្នុងសន្ទរកថា ទៅកាន់សម័យប្រជុំសភាលើកទី១៩៦ កាលពីខែមករាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថាជប៉ុន និងចិនកំពុងចែករំលែកការទទួលខុស ត្រូវដ៏សំខាន់ក្នុងការការពារសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ មិនតែប៉ុណ្ណោះ ទំនាក់ទំនងរវាងជប៉ុន និងចិនត្រូវបានគេមើល ឃើញថាមានភាពល្អប្រសើរ ក្រោយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានបង្ហាញពីភាពវិជ្ជមាននៃការចូលរួមរបស់ ទីក្រុងតូក្យូ ក្នុងគំនិតផ្ដូចផ្ដើមខែ្ស និងផ្លូវរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
តើសហរដ្ឋអាមេរិកជាអ្នកធ្វើឱ្យចិន និងជប៉ុនខិតជិតគ្នាឬ?
ជុំវិញសំណួរនេះដែរ លោក Jin Linbo ជាអ្នកជំនាញមួយរូបមកពីវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ (CIIS) យល់ថាស្ថាន ភាពពិភពលោកបច្ចុប្បន្ន ជាពិសេសគឺគំនិតឯកភាគី និងគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជាកត្តា ធ្វើទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពធូរស្រាលនិងកាន់តែខិតជិតគ្នា។ លោក Jin Linbo បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ស្ថានភាពនៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីភាគឦសានបានជំរុញឱ្យចិន និងជប៉ុនកាន់តែខិតជិតគ្នាខណៈប្រទេស ទាំងពីរកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទិននឹងការវិវត្តស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ និងទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិក»។
ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក កំពុងជួបភាពតានតឹងដោយសារតែសង្រ្គាមតម្លើងពន្ធរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ មិនមែនមានតែចិនតែមួយគត់នោះទេ សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាសហភាពអឺរ៉ុប និងជប៉ុនខ្លួនឯង ក៏កំពុងប្រឈមមុខ នឹងជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។ «ប្រឆាំងនឹងគំនិតគាំពារនិយម និងឯកតោភាគីរបស់សហរដ្ឋអាមេរិក ចិន និងជប៉ុន បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជារក្សានូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមទាំងលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច»។ នេះជាការកត់សម្គាល់របស់អនុប្រធាននៃវិទ្យាស្ថានចិនសម្រាប់ ការសិក្សា អន្តរជាតិ (CIIS) លោក Rong Ying ប្រាប់សារព័ត៌មាន CGTN។ តែទោះជាយ៉ាងនេះក្ដី លោក Rong Ying យល់ថាជប៉ុន នឹងព្យាយាមដោះស្រាយបញ្ហាដោយមិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើយ។
ទំនាក់ទំនងផុយស្រួយ ដោយសារតែជម្លោះទឹកដី និងបញ្ហាប្រវត្តិសាស្ត្រ
បើទោះជាទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពធូរស្រាលក្នុងពេលបច្ចុប្បន្នក៏ដោយ តែបញ្ហាជម្លោះទឹកដី និងប្រវត្តិសាស្ត្រ នៅ តែត្រូវបានអ្នកជំនាញមួយចំនួនដូចជា លោក Jin Linbo មើលឃើញថាជាស្រមោលអាក្រក់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដដែល។ យោងតាម លោក Jin ចិន និងជប៉ុន នៅតែខ្វះទំនុកចិត្តលើគ្នាទៅវិញទៅមកទំាងខាងនយោបាយ និងយុទ្ធសាស្ត្រ ជាពិសេសគឺដោយសារតែជម្លោះដែនដីលើទីប្រជុំកោះ Diaoyu ឬហៅជាភាសាជប៉ុនថា Senkaku និងការចូលរួមរបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ ហើយនេះមិនទាន់ រាប់បញ្ចូលទាំងបញ្ហាប្រវត្តិសាស្ត្រផង។
គួរបញ្ជាក់ថា បើតាមលោក Jin Linbo បើទោះជាបច្ចុប្បន្នទំនាក់ទំនងរវាងចិន និងជប៉ុន កំពុងមានភាពល្អប្រសើរក៏ដោយ តែភាគី ទាំងពីរនៅតែសម្លឹងមើលគ្នាដោយការប្រុងប្រយ័ត្នជានិច្ច ដ្បិតចិននៅតែមើលឃើញថាជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់
សហរដ្ឋអាមេរិក ហើយរឹតតែសំខាន់នោះគឺចិននឹងមិនអាចបំភ្លេចបានឡើយចំពោះទង្វើដែលកងទ័ពជប៉ុនប្រព្រឹត្តលើប្រជាជនចិន នៅអំឡុងសង្រ្គាមលោកលើកទី០២៕
ប្រភព៖ CGTN