(វ៉ាស៊ីនតោន)៖ លទ្ធផលនៃការប្រឆាំង និងរិះគន់ខ្លាំងពេកទៅលើគោលនយោបាយរបស់លោក ដូណាល់ ត្រាំ នោះគណនី Twitter សរុបចំនួន ៤១ ត្រូវបានលោក ត្រាំ ផ្ទាល់បិទចោល (Blocked) ដើម្បីកុំឲ្យពួកគេមានឱកាសរិះគន់លោកបានទៀត ដែលវាមិនខុសពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅមួយចំនួន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនក្នុងការបិទគណនី ដែលគេគិតថាមិនចូលចិត្ត ឬប៉ះពាល់អារម្មណ៍របស់ពួកគេនោះឡើយ ប៉ុន្តែសូមមើលថា លោក ត្រាំ ជាប្រធានាធិបតីនៃមហាអំណាចលទ្ធិប្រជាធិបតេយ្យ និងតែលោកស្ទួយសេរីភាពនៃការបញ្ចេញមតិមួយទាំងមូល, តើការសងសឹកអ្នកប្រឆាំងដោយទង្វើជនសាមញ្ញធម្មតាបែបនេះ វាសាកសមដែរ ឬទេ?
ហេតុដូច្នេះហើយបានជាការប្រឆាំងតវ៉ា ទាំងក្នុងបណ្តាញសង្គម សារព័ត៌មាន និងក្រុមអ្នកច្បាប់នានាបានផ្ទុះឡើង ដើម្បីបង្ហាញថា ជាមេដឹកនាំសហរដ្ឋអាមេរិកដ៏ធំមហិមា និងជាគំរូរបស់អន្តរជាតិនោះ លោក ត្រាំ មិនអាចបិទមិនឲ្យនរណារិះគន់ និងប្រឆាំងគោលនយោបាយរបស់លោកឡើយ នៅគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺនៅលើបណ្តាញសង្គម Twitter ដែលលោកផ្ទាល់កំពុងតែប្រើប្រាស់ជាផ្លូវការ។
សកម្មជនតស៊ូសិទ្ធិបញ្ចេញមតិមួយក្រុមនៅអាមេរិក បានទាមទារឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បើកឲ្យអ្នកប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូលបញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការរបស់លោកឡើងវិញ ក្រោយកាលពីខែឧសភាកន្លងទៅ ចៅក្រមសហព័ន្ធមួយរូប បានបង្គាប់ឲ្យលោកប្រធានាធិបតីអាមេរិក Unblock ក្រុមអ្នកប្រើប្រាស់ Twitter ដែលបានដាក់ពាក្យបណ្តឹងជុំវិញរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិកលោកស្រី ណាវមី រ៉ៃស៍ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉កបានសម្រេចថា ការបញ្ចេញមតិទាំងឡាយនៅក្នុងគណនី Twitter របស់លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តីរដ្ឋាភិបាលដទៃទៀត គឺជាវេទិកាបញ្ចេញមតិសាធារណៈ ហើយការរារាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ មិនឲ្យបង្ហាញទស្សនរបស់ពួកគេនោះ គឺជាការរំលោភទាំងស្រុងទៅលើសិទ្ធិនៃការបញ្ចេញមតិរបស់ពួកគេ នៅក្រោមច្បាប់ចម្បងទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក។
ក្រុមសកម្មជននៃវិទ្យាស្ថាន Knight First Amendment Institute នៃសាកលវិទ្យាល័យ Columbia បានផ្ញើពាក្យបណ្តឹងដែលមានភ្ជាប់នូវបញ្ចីឈ្មោះនៃគណនីចំនួន ៤១ ដែលនៅតែបន្ត Block ដោយគណនី Twitter ផ្លូវការរបស់លោក ត្រាំ ឈ្មោះថា @RealDonaldTrump ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នកប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ត្រូវបានបើក (Unblock) ឡើងវិញកាលពីខែមិថុនា។ សម្រាប់ការ Block អ្នកប្រើប្រាស់នេះ លោក ត្រាំ ត្រូវក្រុមសកម្មជនចោទប្រកាន់ថា ធ្វើឡើងដោយសារតែពួកគេទាំងនោះ បានបញ្ចេញមតិរិះគន់ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយរបស់លោក។
គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំតាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោកបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយគោលដៅ និងប្រកាសគោលនយោបាយ ព្រមទាំងវាយប្រហារទៅលើក្រុមអ្នករិះគន់ជាដើម៕