(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ទើបតែបានបង្ហាញគម្រោងអំពីការបង្កើតកងទ័ពអវកាស សាស្រ្តាចារ្យម្នាក់មកពីមហាវិទ្យាល័យក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសបានបង្ហាញទស្សនៈមួយចំនួន ជុំវិញគម្រោងពោពេញដោយមហិច្ឆតានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៨។
ទាក់ទិនទៅនឹងការងឿងឆ្ងល់ដែលថា ការបង្កើតកងកម្លាំងប្រចាំទីអវកាសជារឿងចាំបាច់ ហើយអាចនាំទៅរកបញ្ហាជម្លោះនៅទីនោះដែរ ឬយ៉ាងណានោះ លោក Harsh Pant បានលើកឡើងថា តម្រូវការនៃកងទ័ពអវកាសនៅសហរដ្ឋអាមេរិក គឺមានតាំងតែពីរយូរណាស់មកហើយ ប៉ុន្តែពុំធ្លាប់មានការព្រមព្រៀងគ្នានោះទេ។ ទោះជាបែបនេះក្តី លោក ត្រាំ ហាក់ដូចកំពុងតែពុះពារឆ្លងកាត់រឿងនេះ។
«សម្រាប់ខ្ញុំ នៅចំណុចនេះ គឺវាពុំមែនជារឿងចាំបាច់ឡើយ ប៉ុន្តែបើគិតអំពីសម័យកាលក្រោយវិញ អាមេរិកចង់រក្សាជំហរដឹកនាំក្នុងផ្នែកបច្ចេកវិទ្យា តាមរយៈការប្រកាសជាផ្លូវការ អំពីការបង្កើតទីបញ្ជាការអវកាស»។ នេះបើតាមការបញ្ជាក់ពីលោក Harsh ដែលកំពុងតែតាមដានមិនដាក់ភ្នែក ចំពោះសកម្មភាព និងគោលនយោបាយអវកាសថ្មីៗរបស់រដ្ឋបាល ត្រាំ។
ជុំវិញសំណួរមួយផ្សេងទៀតថា តើគម្រោងនេះអាចបង្កឲ្យផ្ទុះបញ្ហាវិវាទរវាងប្រទេស និងប្រទេសដែរ ឬក៏អត់នោះ លោកសាស្រ្តាចារ្យ Pant បានបន្តថា ខណៈធនធានលើផែនដីកាន់តែខ្សត់ខ្សោយទៅ ហើយមនុស្សលោកចាប់ផ្តើមរុករកក្នុងទីអវកាសបានកាន់តែឆ្ងាយ សំណួរទាក់ទិននឹងទីអវកាស ពុំមែនពាក់ព័ន្ធតែនឹងការប្រមូលផ្តុំសក្តានុពលក្នុងការប្រយុទ្ធ និងធ្វើសង្រ្គាមប៉ុណ្ណោះទេ តែក៏មានការទាក់ទងនឹងមធ្យោបាយ ដែលយើងនឹងត្រូវធ្វើដើម្បីបន្តកិច្ចការប្រចាំថ្ងៃនាពេលអនាគតផងដែរ ពាក់ព័ន្ធនឹងដំណើរវិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម និងការប្រែប្រួលនៃបច្ចេកវិទ្យានៅក្នុងសង្គមជាដើម។
គួរជម្រាបថា បើតាមសេចក្តីប្រកាសរបស់អនុប្រធានាធិបតីអាមេរិក នាដើមសប្តាហ៍នេះ កងទ័ពអវកាសរបស់អាមេរិក នឹងត្រូវលេចរូបរាងឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០២០ ដែលគំរោងនេះនឹងក្លាយជាមហិច្ឆតាធំថ្មីមួយទៀត នៅក្នុងក្រសែភ្នែកសត្រូវនានារបស់អាមេរិក ព្រោះពួកគេបានមើលឃើញរួចទៅហើយថា អាមេរិកកំពុងក្តោបក្តាប់ពិភពលោកទាំងមូល និងទីអវកាស តាមរយៈគ្រប់វិធីដែលខ្លួនអាចធ្វើបាន៕