(វ៉ាស៊ីនតោន)៖ សកម្មជនតស៊ូសិទ្ធិបញ្ចេញមតិមួយក្រុមនៅអាមេរិក បានទាមទារឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បើកឲ្យអ្នកប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូលបញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការរបស់លោកឡើងវិញ ក្រោយកាលពីខែឧសភាកន្លងទៅ ចៅក្រមសហព័ន្ធមួយរូប បានបង្គាប់ឲ្យលោកប្រធានាធិបតីអាមេរិក Unblock ក្រុមអ្នកប្រើប្រាស់ Twitter ដែលបានដាក់ពាក្យបណ្តឹងជុំវិញរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិកលោកស្រី ណាវមី រ៉ៃស៍ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉កបានសម្រេចថា ការបញ្ចេញមតិទាំងឡាយនៅក្នុងគណនី Twitter របស់លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តីរដ្ឋាភិបាលដទៃទៀត គឺជាវេទិកាបញ្ចេញមតិសាធារណៈ ហើយការរារាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ មិនឲ្យបង្ហាញទស្សនរបស់ពួកគេនោះ គឺជាការរំលោភទាំងស្រុងទៅលើសិទ្ធិនៃការបញ្ចេញមតិរបស់ពួកគេ នៅក្រោមច្បាប់ចម្បងទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក។
ក្រុមសកម្មជននៃវិទ្យាស្ថាន Knight First Amendment Institute នៃសាកលវិទ្យាល័យ Columbia បានផ្ញើពាក្យបណ្តឹងដែលមានភ្ជាប់នូវបញ្ចីឈ្មោះនៃគណនីចំនួន ៤១ ដែលនៅតែបន្ត Block ដោយគណនី Twitter ផ្លូវការរបស់លោក ត្រាំ ឈ្មោះថា @RealDonaldTrump ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នកប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ត្រូវបានបើក (Unblock) ឡើងវិញកាលពីខែមិថុនា។ សម្រាប់ការ Block អ្នកប្រើប្រាស់នេះ លោក ត្រាំ ត្រូវក្រុមសកម្មជនចោទប្រកាន់ថា ធ្វើឡើងដោយសារតែពួកគេទាំងនោះ បានបញ្ចេញមតិរិះគន់ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយរបស់លោក។
គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំតាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោកបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយគោលដៅ និងប្រកាសគោលនយោបាយ ព្រមទាំងវាយប្រហារទៅលើក្រុមអ្នករិះគន់ជាដើម៕