(អាមេរិក)៖ ទីបំផុតយានអវកាសឈ្មោះថា Solar Parker របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានផ្អាកការបាញ់បង្ហោះឡើងទៅកាន់ទីអវកាសភ្លាមៗ តែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលដែលវាត្រូវចុចប៊ូតុងឲ្យហោះចេញ ដោយសារតែបញ្ហាមួយចំនួនលេចឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
នាវេលាម៉ោង ០៣៖០០នាទីរសៀលនេះ ដែលត្រូវនឹងម៉ោង ៤៖០០នាទីរំលងអាធ្រាតថ្ងៃសៅរ៍ (ពេលវេលានៅភាគខាងកើតអាមេរិក) យានអវកាស Solar Parker ត្រូវបានគេរំពឹងថាបាញ់បង្ហោះឡើងទៅលើមេឃ តាមរយៈគ្រាប់រ៉ុក្កែតខ្នាតធំ Delta IV របស់ក្រុមហ៊ុនអវកាស United Launch Alliance ចេញពីរដ្ឋផ្លូរីដា ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែមានការហួសពេលវេលាតែបន្តិច នៃពេលដែលត្រូវកំណត់ឲ្យបាញ់វាចេញនោះ ទើបយានត្រូវផ្អាកការបាញ់តែម្តងដើម្បីសុវត្ថិភាព ខណៈពេលវេលាត្រូវបាញ់ម្តងទៀត មិនទាន់មានការកំណត់ឡើយ។
គួរជម្រាបថា យាន Praker Solar Probe មានតម្លៃ ១.៥ពាន់លានដុល្លារ ដែលនឹងធ្វើដំណើរទៅឆ្លងកាត់តំបន់គេហៅថា Corona ដែលជាស្រទាប់បរិយាកាសផ្នែកខាងក្រៅរបស់ព្រះអាទិត្យ ហើយវានឹងជាបេសកកម្មលើកដំបូងបំផុតស្តីពីការបញ្ជូនយានអវកាស ឲ្យទៅធ្វើការសិក្សាស្រាវជ្រាវនៅកៀកព្រះអាទិត្យ។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានអវកាសនេះនឹងធ្វើការហោះឆ្វែល Flyby យ៉ាងកៀកចំនួន ២៤លើក ជុំវិញព្រះអាទិត្យសម្រាប់អំឡុងពេល ០៧ឆ្នាំខាងមុខ ក្នុងចម្ងាយត្រឹម ៦.២លានគីឡូម៉ែត្រប៉ុណ្ណោះ ពីផ្ទៃនៃដុំបាល់ភ្លើងដ៏មហិមានេះ ដែលចម្ងាយនេះគឺកៀកជាងគ្រឿងយន្តអវកាសនានា ដែលធ្លាប់បានមកក្បែរព្រះអាទិត្យដល់ទៅ ០៧ដង។
ហេតុដូច្នេះហើយ យានអវកាស Parker Solar Probe ត្រូវហ៊ុមព័ទ្ធដោយខែលពិសេសមានកម្រាស់ ១១.៤សង់ទីម៉ែត្រ ដែលនឹងការពារយាន ពីកម្រិតវិទ្យុសកម្មដែលខ្លាំងជាងអ្វីយើងធ្លាប់ទទួលរង នៅលើផែនដីដល់ទៅ ៤៧៥ដង និងសីតុណ្ហភាពដែលអាចកើនដល់ ១,៣៧០អង្សាសេបាន។ ម៉្យាងវិញទៀត ឧបករណ៍នានា នៅលើ Parker Solar Probe នឹងអាចធ្វើប្រតិបត្តិការតាមធម្មតាបាន នៅក្នុងលក្ខខណ្ឌដ៏លំបាកក្បែរព្រះអាទិត្យ៕