(វ៉ាស៊ីនតោន)៖ បើតាមសេចក្តីប្រកាសរបស់សេតវិមាននាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសលោក Patrick Murphy ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជំនួសលោក William A. Heidt ដែលត្រូវបញ្ចប់បេសកកម្មការទូតនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយសេតវិមានអាមេរិក នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
លោក Murphy ដែលជាបច្ចុប្បន្នជាមានតួនាទីជាឧបការីរងទទួលបន្ទុកកិច្ចការនៅអាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីខាងកើត នៃក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ សម្រាប់កាលរិច្ឆេទដែលរូបលោក នឹងត្រូវចូលកាន់តំណែងជាផ្លូវការនោះ គឺពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយសេចក្តីប្រកាសខាងលើនេះ គ្រាន់តែជាការប្រកាសគោលបំណងរបស់លោក ដូណាល់ ត្រាំ ប៉ុណ្ណោះ គឺត្រូវឆ្លងកាត់ការសម្រេចពីសភាអាមេរិកជាមុនសិន។
គួរជម្រាបផងដែរថា លោក Willian Heidt បានស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ដែលមកទល់ពេលនេះគឺមានរយៈពេល០៣ឆ្នាំ៕