(ពិភពលោក)៖ បន្ទាប់ពីអាមេរិកសម្រេចអនុវត្តន៍ ការដំឡើងពន្ធគយ ២៥ភាគរយ លើផលិតផលនាំចូលពីប្រទេសចិន ដែលមានតម្លៃ ៣៤ពាន់លានដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដាកន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានប្រកាសនៅថ្ងៃទី៧ ខែសីហាកន្លងទៅនេះថា ខ្លួននឹងបន្ថែមពន្ធ ២៥ភាគរយលើទំនិញចិន ដែលមានតម្លៃជាប្រាក់ ១៦ពាន់លានដុល្លារផ្សេងបន្ថែមទៀត ដោយគ្រោងនឹងអនុវត្តន៍នៅថ្ងៃទី២៣ ខែសីហាខាងមុខ។
ហេតុផលមួយដែលជម្រុញឱ្យអាមេរិក ឈានដល់ការបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្ម កាន់តែធំឡើងដោយយោងលើពាក្យថា «បញ្ហាសន្តិសុខជាតិអាមេរិក»។ ក្នុងគោលដៅដើម្បីជួយសកម្មភាពពាណិជ្ជកម្ម ការធ្វើឱ្យរស់ឡើងវិញនូវសកម្មភាពឧស្សាហកម្មក្នុងស្រុក និងដើម្បីបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនរបស់ខ្លួន អាមេរិកបានចាត់វិធានការណ៍សំខាន់ៗមួយចំនួន ក្នុងនោះរួមទាំងការដំឡើងពន្ធលើការនាំចូលពីប្រទេសចិនផងដែរ ប៉ុន្តែលទ្ធផលគឺលើសពីការគិត។
ជាក់ស្តែងការដាក់បញ្ចូលក្នុងបញ្ជី នៃការនាំចូលទំនិញពីចិនក្នុងទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារ ជាឧទាហរណ៍ដ៏ច្បាស់មួយក្នុងចំណោមបញ្ហាផ្សេងទៀត។ ក្នុងពេលនោះការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើការកោះប្រជុំ ដើម្បីសម្រេចថា តើត្រូវគួរតែដំឡើងពន្ធលើការនាំចូលនេះ ឬអត់? ក្នុងនោះប្រតិភូសរុបចំនួន ៨២រូប មកពីផ្នែកឧស្សាហកម្ម គីមី អេឡិចត្រូនិក និងឧស្សាហកម្មកាំរស្មីអ៊ិចបានបញ្ចេញយោបល់។
ពួកគេបានសម្តែងការព្រួយបារម្ភថា ការដំឡើងពន្ធខ្ពស់នេះប្រៀបបាននឹងបង្កើនការចំណាយ និងបង្កផលប៉ះពាល់ដល់សហគ្រាស ជាលទ្ធផលអាចវាបណ្តាលឱ្យមនុស្ស កាន់តែបាត់បង់ការងារធ្វើ ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចអាមេរិក កាត់បន្ថយការប្រកួតប្រជែងក្នុងឧស្សាហកម្មអាមេរិក ហើយថែមទាំងរុញច្រានឱ្យសហគ្រាសធុនតូច និងមធ្យមខ្លះឈានដល់ការបិទទ្វារផងដែរ។ នៅទីបញ្ចប់នៃការប្រជុំនេះ មានអ្នកតំណាងចំនួន ០៦រូប ដែលស្មើនឹង ០៧ភាគរយនៃអ្នកចូលរួមតែប៉ុណ្ណោះ បានយល់ព្រមលើការកំណត់ពន្ធគយខាងលើនេះ។
ទោះបីប្រឈមនឹងការខ្វែងគំនិតគ្នា រួមទាំងការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុន និងសមាគមឧស្សាហកម្មអាមេរិកក្តី រដ្ឋាភិបាលអាមេរិកនៅតែសម្រេចចិត្តក្នុងការដំឡើងពន្ធ លើផលិតផលនាំចូលពីប្រទេសចិន ដែលមានតម្លៃស្មើនឹងប្រមាណ ១៦ពាន់លានដុល្លារ។ វាហាក់ឆ្លុះបញ្ចាំងឱ្យឃើញថា ការកោះប្រជុំពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មនេះ គឺគ្រាន់តែជាដំណើរការមួយដើម្បីបង្ហាញឱ្យមានភាពស្របច្បាប់ តែសម្បកក្រៅតែប៉ុណ្ណោះ បើទោះបីរងការជំទាស់ដ៏ច្រើនលើសលប់ តែរដ្ឋាភិបាលអាមេរិកនៅតែអាចសម្រេច ពីសំណាក់អ្នកនយោបាយមួយក្តាប់តូចបាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះថា អាមេរិកកំពុងប្រើប្រាស់ច្បាប់ក្នុងស្រុក ដើម្បីលុបបំបាត់ច្បាប់អន្តរជាតិ ដែលនេះជាការអនុវត្តមិនសមហេតុសមផលទាល់តែសោះ។ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីរបស់ខ្លួន ប្រទេសចិនមានកាតព្វកិច្ច ចាត់វិធានការណ៍ចាំបាច់ដើម្បីប្រឆាំងទប់ទល់ ព្រមទាំងដំឡើងពន្ធ ២៥ភាគរយ លើទំនិញអាមេរិកដែលមានតម្លៃជាទឹកប្រាក់ ១៦ពាន់លានដុល្លារអាមេរិក ដើម្បីជាការសងសឹក ដូចអ្វីដែលសហរដ្ឋអាមេរិកបានធ្វើចំពោះខ្លួន។
ការឆ្លើយតបរបស់ចិន គឺមានលក្ខណៈងាយៗ ច្បាស់លាស់ សមហេតុផល និងអត់ធ្មត់។ ក្នុងរយៈពេលបួនខែនៃការប្រឈមមុខដាក់គ្នា ប្រទេសចិនកាន់តែយល់ច្បាស់អំពីមធ្យោបាយ នៃការគំរាមកំហែងរបស់ភាគីអាមេរិក។ ជាជាងបង្ហាញភាពភ្ញាក់ផ្អើល ដោយសារសម្ពាធជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសចិនបានត្រៀមរៀបចំខ្លួនបានយ៉ាងល្អ។
ជាក់ស្តែងក្នុងពេលប្រឈមមុខនឹងការរីករាលឥតឈប់ឈរ នៃសង្គ្រាមពាណិជ្ជកម្ម ប្រទេសចិនបានអនុម័តនូវគោលការណ៍មួយគឺ «ខ្ញុំមិនចង់ប្រយុទ្ធទេ ខ្ញុំមិនខ្លាចក្នុងការប្រយុទ្ធទេ ប៉ុន្តែខ្ញុំនឹងប្រយុទ្ធប្រសិនបើចាំបាច់»។ ការចាត់វិធានការណ៍របស់ចិនគឺ សំដៅធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ បើកទូលាយ និងធ្វើឱ្យបានល្អនៅក្នុងកិច្ចការរបស់ខ្លួន។ សម្រាប់មន្ត្រីរដ្ឋាភិបាលអាមេរិក ការដាក់ពន្ធបន្ថែម មានគោលបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន និងដើម្បីសម្រេចបាននូវគោលដៅ «អាមេរិកទី១» ផងដែរ។
កាសែតញូយ៉កថែមស៍ បានរាយការណ៍ឱ្យដឹងថា ចាប់តាំងពីខែឧសភាមក ក្រសួងពាណិជ្ជកម្មអាមេរិក ទទួលបានលិខិតចំនួន ២០ពាន់ច្បាប់ពីក្រុមហ៊ុន ដែលស្នើសុំការលើកលែងពន្ធដែកថែប សម្រាប់ផលិតផលរបស់ពួកគេ ប៉ុន្តែក្នុងចំណោមនោះ មិនទាន់មានអ្នកណាមួយទទួលបានតាមការស្នើសុំនេះទេ។
ក្រុមហ៊ុនផលិតដែកថែបធំបំផុតពីររបស់អាមេរិក បានជួយដល់រដ្ឋាភិបាលយ៉ាងជោគជ័យ ក្នុងការប្រឆាំងសំណើសុំកាត់បន្ថយពន្ធពីសំណាក់ក្រុមហ៊ុនអាមេរិក ដែលទិញដែកថែបពីបរទេសដោយអះអាងថា ការយកពន្ធគយនេះដើម្បីការពារសន្តិសុខជាតិ និងជំរុញការផលិតដែកថែបក្នុងស្រុក។
របាយការណ៍មួយបានចង្អុលបង្ហាញថា មន្រ្តីកំពូលៗមួយចំនួន នៃរបស់រដ្ឋាភិបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយនឹងរោងចក្រឧស្សាហកម្មដែកថែបក្នុងស្រុក។ ក្នុងនោះមានលោក វ៉ាលប៊ឺរ រ៉ូសស៍ (Wilbur Ross) ជាដើម លោកជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទិញ និងដំណើរការក្រុមហ៊ុនដែកថែបមួយចំនួន ដែលក្រោយមកគាត់បានលក់ចេញដោយយកផលចំណេញ។
ដោយឡែកលោក រ៉ូប៊ឺត ឡៃធីស៊ឺ (Robert Lighthizer) តំណាងពាណិជ្ជកម្មអាមេរិក និងជាតំណាងឱ្យក្រុមហ៊ុនផលិតដែកថែបអាមេរិក និងក្រុមហ៊ុនផលិតដែកថែបដទៃទៀតបានបកស្រាយពីបញ្ហានេះ។ ក្រុមហ៊ុនផលិតដែកថែបធំទី ២ របស់អាមេរិក មានឈ្មោះថា នូខ័រ (Nucor) បានចំណាយប្រាក់មួយលានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការផលិតឯកសារខ្មៅងងឹតមួយ ដែលមានឈ្មោះថា «Death by China» ជាឯកសារផលិតឡើងដោយលោក ភីធឺ ណាវ៉ារ៉ូ (Peter Navarro) ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មជាតិ ប្រចាំសេតវិមានអាមេរិក។
តើការបង្កើនពន្ធបន្ថែមលើការនាំចូល ពិតជាអាចការពារសន្តិសុខជាតិអាមេរិកពិតប្រាកដ ឬទេ? រហូតមកទល់ពេលនេះ មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រហែលជានៅតែមិនដឹងច្បាស់នៅឡើយ ប៉ុន្ដែរឿងមួយដែលពួកគេជឿជាក់ គឺបង្កើនពន្ធបន្ថែម នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ។ ក្រោមហេតុផលបែបនេះ មន្ត្រីទាំងនោះសុខចិត្តបិទភ្នែកមិនមើលពីការឈឺចាប់ នៃបណ្ដាសហគ្រាស និងអ្នកប្រើប្រាស់អាមេរិកដូចគ្នានោះឡើយ។
នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានរឿងអាក្រក់មួយបានកើតឡើងនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Element Electronics បានប្រកាសកាលពីថ្ងៃទី០៦ ខែសីហាកន្លងទៅនេះថា ខ្លួននឹងបិទទ្វាររោងចក្ររបស់ខ្លួននៅរដ្ឋ South Carolina ព្រមទាំងបញ្ឈប់ពលករ ១២៦នាក់ ក្នុងចំណោម ១៣៤នាក់ ចេញពីការងារ។ ក្រុមហ៊ុននេះបានដាក់បន្ទុកបញ្ហានេះ ទៅលើការដំឡើងពន្ធនាំចូលផលិតផលចិន ជាពិសេសការបន្ថែមពន្ធគយ លើវត្ថុធាតុសំខាន់សម្រាប់ការដំឡើងទូរទស្សន៍។ ការសម្រេចចិត្តបិទទ្វារនេះ ដោយសារពន្ធបានបង្កើនការចំណាយរបស់ខ្លួន ក្នុងសង្វាក់នៃការផលិតរបស់ខ្លួន។
ចំណែកវិទ្យាស្ថាន Peterson ដើម្បីសេដ្ឋកិច្ចអន្តរជាតិបានប៉ាន់ប្រមាណថា មានពលករអាមេរិកចំនួន ១៩៥ពាន់នាក់ អាចនឹងបាត់បង់ការងារធ្វើក្នុងរយៈពេល ០៣ឆ្នាំខាងមុខ ប្រសិនបើការយកពន្ធគយ ២៥ភាគរយ របស់សហរដ្ឋអាមេរិក លើការនាំចូលរថយន្តទូទាំងពិភពលោក ត្រូវបានចូលជាធរមាន។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ប្រសិនបើបណ្តាប្រទេសផ្សេងទៀត សងសឹកអាមេរិក ហើយដំឡើងពន្ធលើផលិតផលស្រដៀងគ្នានោះ អាមេរិកនឹងបាត់បង់ចំនួនការងាររហូតដល់ ៦២៤ពាន់កន្លែង។
ជាមួយគ្នានេះដែរការសិក្សាមួយរបស់ធនាគារ Atlanta កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះបានចង្អុលបង្ហាញថា ការដំឡើងពន្ធនេះនឹងនាំឱ្យក្រុមហ៊ុនពាណិជ្ជកម្មអាមេរិកប្រមាណ ១ ភាគ ៥ ចាំបាច់ត្រូវពិនិត្យមើល ផ្អាក ឬអាចឈានដល់ការលុបចោល ផែនការចំណាយដើមទុនរបស់ខ្លួន។ ការសិក្សាបានគូសបញ្ជាក់ថា ផលប៉ះពាល់អវិជ្ជមាននាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ធ្លាក់ទៅលើការវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម ប៉ុន្តែផលប៉ះពាល់អាចរីករាលដាលបន្ថែមបានយ៉ាងងាយ ប្រសិនបើភាពតានតឹងបន្តកើនឡើង។
ជាងនេះទៅទៀតនោះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មផលិតផលទឹកដោះគោពីសហរដ្ឋអាមេរិក ដែលជាផលិតផលដែលពឹងផ្អែកខ្លាំង លើទីផ្សារនៅក្រៅប្រទេសនោះ ក៏កំពុងរងការធ្លាក់ថ្លៃជាខ្លាំង។ អ្នកនាង សារ៉ាហ៍ ឡយដ៍ (Sarah Lloyd) ជាកសិករផលិតទឹកដោះគោមកពីរដ្ឋ វិសខុនសិន (Wisconsin) សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានថា គ្រួសាររបស់នាងមានកសិដ្ឋានច្របាច់ទឹកដោះគោ ដែលមានប្រវត្តិប្រហែល ១០០ឆ្នាំមកហើយនោះ បច្ចុប្បន្នកំពុងរងការខាតបង់ប្រាក់ប្រមាណ ០៣ម៉ឺនដុល្លារ ជារៀងរាល់ខែ។ នាងបាននិយាយថា ប្រសិនបើពួកគេមិនអាចមើលឃើញពន្លឺអ្វីក្នុងពេលឆាប់ៗខាងមុខនេះទេ នាងមិនអាចស្រមៃបានទេថា តើនាងអាចបន្តអាជីវកម្មនេះទៅឆ្នាំក្រោយទៀត ដោយរបៀបណានោះឡើយ។
ទីផ្សារទំនិញផលិតផលក្នុងស្រុករបស់សហរដ្ឋអាមេរិក រាប់ចាប់តំាងពីក្រុមហ៊ុនកូកាកូឡា រហូតដល់យានជំនិះផ្សេងៗ កំពុងទទួលរងឥទ្ធិពលនៃរលកតម្លៃហក់ឡើងខ្ពស់ ក្រោមស្រមោលនៃពាក្យដែលមួយគេនិយាយថា ដើម្បី «សន្តិសុខជាតិអាមេរិក» ដ៏ក្លែងក្លាយ។
ភ្លាមៗបន្ទាប់ពីភាគីអាមេរិក បានប្រកាសការសម្រេចយកពន្ធគយ ២៥ភាគរយ លើការនាំចូលទំនិញពីប្រទេសចិន ដែលមានតម្លៃស្មើនឹង ១៦ពាន់លានដុល្លារអាមេរិក មតិខ្លះបានចង្អុលបង្ហាញថា វិធានការណ៍នេះស្មើនឹងការដំឡើងថ្លៃ ២៥ភាគរយ លើការចំណាយសម្រាប់អតិថិជនអាមេរិក ដែលជាបន្ទុកមួយធ្លាក់ទៅលើគ្រួសារ ដែលមានប្រាក់ចំណូលទាប ដោយសារតែពួកគេនិយមប្រើប្រាស់ផលិតផលចិន ជាងផលិតផលនៃប្រទេសផ្សេងទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ពន្ធជាដំបងធំ ដែលមិនត្រឹមសំពងទៅលើប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់ប្រទេស និងប្រជាជនអាមេរិកខ្លួនឯងផងដែរ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ វែបសាយ CGTN