(វ៉ាស៊ីនតោន)៖ បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅសហរដ្ឋអាមេរិក យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ហ៊ឺរ៉ាយហ្សូន អ៊ែរឡាញ (Horizon Airlines) បានធ្លាក់បន្ទាប់ពីវាត្រូវបានគេលួចបញ្ជាហោះឡើង ចេញពីអាកាសយានដ្ឋាន សៀតថល តាកូម៉ា (Seattle-Tacoma) ដោយពុំមានការអនុញ្ញាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក យន្តហោះខាងលើពុំមានអ្នកដំណើរនោះឡើយ ហើយវាត្រូវបានលួចដោយបុគ្គលិកម្នាក់របស់អាកាសចរណ៍មួយផ្សេងទៀត។ មុនពេលធ្លាក់យន្តហោះនោះ បានធ្វើការហោះហើរលើផ្ទៃមេឃអស់រាប់ម៉ោង ក្រោមការអមដំណើរពីកងយន្តហោះចម្បាំង។ យន្តហោះរបស់អាកាសចរណ៍ Horizon ដែលមានខ្នាតមធ្យម បុមបាឌា ដាស (Bombardier Dash 8-Q400) បានធ្លាក់នៅលើកោះខេត្រុន (Ketron) ដែលជាដែនកោះតូចមួយ មានមនុស្សរស់នៅតែប៉ុន្មានគ្រួសារប៉ុណ្ណោះនៅក្នុងរដ្ឋវ៉ាស៊ីនតោន នៃភាគខាងលិចសហរដ្ឋអាមេរិក។
គួរជម្រាបថា ជនដែលបានលួចយន្តហោះខាងលើត្រូវគេបញ្ជាក់ថា មានវ័យ ២៩ឆ្នាំ និងត្រូវគេចាត់ទុកថា ជនមនុស្សដែលមានអារម្មណ៍ផ្លូវចិត្តខ្លាំង និងតែងចង់បញ្ចប់ជីវិតខ្លួនឯង ហើយករណីនេះត្រូវបានអាជ្ញាធរអាមេរិក បញ្ជាក់ច្បាស់ថា ពុំមានជាសកម្មភាពភេរវកម្មនោះឡើយ ហើយការធ្លាក់របស់យន្តហោះ ពុំមានជាប់ពាក់ព័ន្ធនឹងកងយន្តហោះចម្បាំង ដែលអមដំណើរនោះទេ៕