(ប៉េកាំង)៖ អាចម៍ផ្កាយមួយដុំត្រូវបានគេដាក់ឈ្មោះតាមសាកលវិទ្យាល័យ ធានជិន (Tianjin) នៃប្រទេសចិន ក្រោមការទទួលស្គាល់ពីអង្គការអន្តរជាតិ IAU ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
អាចម៍ផ្កាយឈ្មោះ ធានជិនដេស៊ូ (Tianjindaxue) ដែលមានន័យថា សាកលវិទ្យាល័យ Tianjin ដែលមានលេខកូដ ៨៩១៧ ត្រូវប្រទះឃើញកាលពីខែមីនា ឆ្នាំ១៩៩៦ ដោយក្រុមតារាវិទូនៅឯមូលដ្ឋានសង្កេតទីអវកាស ស៊ីងឡុង (Xinglong) ភាគខាងជើងប្រទេសចិន ដែលមានបរិយាកាសថ្លាងាយអង្កេតទីអវកាស។
ជាមួយមុខកាត់ប្រវែងជាង ៣៧.១គីឡូម៉ែត្រ ដុំថ្មអវកាសនេះធ្វើគោចរក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ហើយវាត្រូវប្រើប្រាស់ ៦.២៨ឆ្នាំនៃផែនដី ដើម្បីវិលជុំវិញព្រះអាទិត្យបានមួយជុំ។
គួរជម្រាបថា ការដាក់ពាក្យសុំ IAU ដើម្បីដាក់ឈ្មោះឲ្យអាចម៍ផ្កាយខាងលើ ទើបតែត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ។ អាចម៍ផ្កាយគឺជាវត្ថុអវកាសតែមួយគត់ ដែលអាចត្រូវដាក់ឲ្យតាមម្ចាស់របកគំហើញរបស់វា៕