(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានទាត់ចោលរាល់សំណើទាំងអស់របស់សហរដ្ឋអាមេរិក ស្តីពីការចាប់ផ្តើមដំណើរការ នៃការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
ស្ថានីយទូរទស្សន៍ CNN បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបដិសេធចោល ចំពោះការស្នើឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ មួយចំនួនរបស់ខ្លួននាពេលឆាប់ៗខាងមុខដើម្បីបង្ហាញអំពីសុឆន្ទៈ និងបានចាត់ទុកសំណើរបស់អាមេរិកថា «ដូចជាសំណើរបស់ក្រុមជនអន្ធពាល»។
ផ្ទុយមកវិញ កូរ៉េខាងជើងបានលើកឡើងរឿងល្អៗមួយចំនួន ដែលខ្លួនបានធ្វើរួចមកហើយនោះ ក្នុងន័យបង្ហាញពីចេតនាល្អ និងក្តីស្មោះត្រង់ប្រាកដប្រជា រួមមានទាំងការសម្រេចបញ្ឈប់ធ្វើតេស្តមីស៊ីលផ្លោង និងការប្រគល់អដិ្ឋធាតុទាហានអាមេរិកជាដើម៕