(តេហេរ៉ង់)៖ កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ បានលួចធ្វើតេស្តមីស៊ីលផ្លោង ក្នុងពេលធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រយុទ្ធសាស្រ្ត Hormuz កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
ដោយផ្អែកលើប្រភពពីផ្កាយរណបស៊ើបការណ៍ និងមន្រ្តីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សារព័ត៌មាន Fox News បានចុះផ្សាយថា កងទ័ពអ៊ីរ៉ង់បានធ្វើតេស្តបាញ់មីស៊ីលផ្លោងប្រភេទ Fateh-110 Mod 3 នៅអំឡុងការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែលជាការហាត់សមដើម្បីបិទច្រកសមុទ្រ Hormuz។
គួរជម្រាបថា បើព័ត៌មានខាងលើជាការពិតមែននោះ វាទំនងជាលើកទីមួយហើយ ដែលទីក្រុងតេហេរ៉ង់បានធ្វើតេស្តមីស៊ីល នៅក្នុងឆ្នាំ២០១៨នេះ។ ជុំវិញសេចក្តីរាយការណ៍នេះដែរ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ខ្លួនដឹងអំពីការធ្វើសមយុទ្ធយោធារបស់អ៊ីរ៉ង់ តែពុំបានបកស្រាយពាក់ព័ន្ធនឹងការធ្វើតេស្តសព្វាវុធនេះឡើយ៕