(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានស្នើប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ធ្វើការចាប់ខ្លួនអតីតអនុប្រធានបក្សប្រឆាំងវេណេស៊ុយអេឡា គឺលោក ជូលីយ៉ូ ប៊ែរហ្គែស (Julio Borges) ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំគំរោងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះលោក ហ្សក រ៉ូទ្រីហ្គែស រដ្ឋមន្ត្រីទំនាក់ទំនង និងវប្បធម៌របស់វេណេស៊ុយអេឡា បានគូសបញ្ជាក់ថា «អតីតអនុប្រធានបក្សប្រឆាំងស្តាំនិយម Borges ត្រូវតែចូលមកឆ្លើយនឹងសំនួរនានា អំពីការចូលរួមរបស់ខ្លួនក្នុងទង្វើប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ម៉ាឌូរ៉ូ នៅចំពោះមុខតុលាការរបស់វេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីការ៉ាកាស់ លោករដ្ឋមន្ត្រីទំនាក់ទំនងវេណេស៊ុយអេឡា ក៏បង្ហាញផងដែរនូវខ្សែវីដេអូមួយ អំពីអនុប្រធានបក្សប្រឆាំងមួយរូបទៀត គឺលោក ចូអាន រីឃ្វិនសិន (Juan Requesens) បានរួមផ្សំគំនិតគ្នាជាមួយនឹងលោក Borges ដោយមានការជួយពីក្រុមប្រឆាំងនៅវេណេស៊ុយអេឡាផងដែរ។
ផ្អែកទៅលើភស្តុតាងទាំងនេះ រដ្ឋាភិបាលវេណេស៊ុយអេឡា បានស្នើទៅប៉ូលិស Interpol ចេញដីកាចាប់ខ្លួនលោក Borges ពីបរទេសត្រឡប់មកកាន់វេណេស៊ុយអេឡាវិញ ដើម្បីប្រឈមមុខផ្លូវច្បាប់៕