(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា រូបលោកបានសម្រេចបង្កើនអត្រាពន្ធទ្វេដង ទៅលើការនាំចូលដែកថែក ព្រមទាំងអាលុយមីញ៉ូម ពីប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
បើតាមសាររបស់លោក ត្រាំ នៅលើប្រព័ន្ធ Twitter អត្រានៃការយកពន្ធទៅលើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់តួកគី នាពេលនេះកើនដល់៥០ភាគរយ (សម្រាប់ដែកថែប) និង២០ភាគរយ (សម្រាប់អាលុយមីញ៉ូម)។ នាឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងអង់ការ៉ា គឺមិនល្អនោះឡើយ។
គួរជម្រាបថា ក្រោយពីសេចក្តីប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើងភ្លាមៗ អត្រាដូរប្រាក់នៃរូបិយបណ្ណតួកគី Lira (លីរ៉ា) របស់បានធ្លាក់ស្រុតចុះជាខ្លាំងមិនធ្លាប់មាន ធៀបជាមួយនឹងលុយដុល្លារអាមេរិក៕