(តូក្យូ)៖ ទីបំផុតឧទ្ធម្ភាគចក្រនៃរដ្ឋបាលខេត្តភាគកណ្តាលប្រទេសជប៉ុន ដែលបានបាត់ដំណឹងតាំងពីតែពីព្រឹកថ្ងៃសុក្រនេះ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយនៅល្ងាចថ្ងៃដដែលនេះ ដោយវាបានធ្លាក់នៅតំបន់ភ្នំនៅក្នុងខេត្ត ហ្គាន់ម៉ា ភាគកណ្តាលប្រទេសនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
ក្រុមសង្គ្រោះជប៉ុនបានបន្ថែមទៀតថា មនុស្ស០៧នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយដោយមិនទាន់ដឹងថា ពួកគេស្លាប់ ឬមួយក៏នៅរស់នោះឡើយ ខណៈការស្វែងរកកំពុងបន្តធ្វើឡើង បើទោះបីជាឈានដល់ពេលយប់ និងមានអ័ព្ទក្រាស់នៅតំបន់ភ្នំខាងលើក៏ដោយ។
គួរបញ្ជាក់តាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Bell 412EP របស់រដ្ឋបាលខេត្ត Gunma បានបាត់ដំណឹងកាលពីវេលាម៉ោង ១០៖០០នាទីព្រឹកម៉ោងនៅទីក្រុងតូក្យូ ហើយមូលហេតុនៃការធ្លាក់នេះ មិនទាន់មានការបញ្ជាក់នោះឡើយ៕