(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់យ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដ៏សាហាវមួយជាមួយកងកម្លាំងរដ្ឋាភិបាល។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ពីជនរងគ្រោះជាជនស៊ីវិលនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
ក្រុមតាលីបង់បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើក្រុង ហ្គាសនី (Ghazni) នៃខេត្ត ហ្គាសនី (Ghazni) ស្ថិតនៅភាគខាង កើតប្រទេស។ ដោយឡែក លោក ឡាទីហ្វា អាកបារី (Latifa Akbari) ដែលជាប្រធានក្រុមប្រឹក្សាខេត្តខាងលើ ក៏បានបញ្ជាក់ដែរថា ការផ្ទុះអាវុធដាក់គ្នាយ៉ាងក្តៅគគុករវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមបានកើតឡើងតាំងពីយប់រំលងអធ្រាតថ្ងៃសុក្រនេះ ហើយហាងមួយចំនួន នៅក្នុងទីក្រុងបានឆាបឆេះ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានឲ្យដឹងថា កងទ័ពត្រូវបានបញ្ជូនឲ្យមកជួយប៉ូលិសក្នុងតំបន់ ហើយទីក្រុងកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរដ្ឋាភិបាល ខណៈចំនួនមនុស្សស្លាប់អាចមានច្រើនក្នុងចំណោមចំនួនអ្នករងគ្រោះទាំង ១៥០នាក់នោះ។
គួរបញ្ជាក់តាមសម្តីប្រធានមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Ghazni បានប្រាប់ថា កងកម្លាំងសន្តិសុខ ០៩នាក់បានរងរបួស នៅក្នុងការវាយប្រហារដ៏តាលីបង់ និងកំពុងទទួលការសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។ ដោយឡែកបើតាមអ្នកនាំពាក្យរបស់ក្រុមតាលីបង់វិញ ផ្នែកមួយចំនួននៃទីក្រុង បានធ្លាក់ក្រោមកណ្តាប់ដៃរបស់តាលីបង់ ហើយមនុស្សជាច្រើននាក់បានស្លាប់៕