រកឃើញវត្ថុបុរាណជាច្រើនក្នុងផ្នូរបុរាណអាយុកាល២,០០០ឆ្នាំ នៅតំបន់ទីបេប្រទេសចិន!
10-08-2018 16:23
(ប៉េកាំង)៖ វត្ថុបុរាណច្រើនជាង ៦០ មានអាយុកាលប្រមាណជា ២,០០០ឆ្នាំ ត្រូវបានគេរកឃើញនៅឯទីតាំងផ្នូរបុរាណមួយកន្លែង ស្ថិតនៅតំបន់ស្វយ័តទីបេ ភាគនិរតីប្រទេសចិន។ នេះបើតាមអាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុបុរាណទាំងនេះ នៅឯទីតាំងផ្នូរបុរាណចំនួន ០២កន្លែង នៅក្នុងតំបន់ហ្សាន់ដា (Zanda) នៃខេត្តង៉ារី (Ngari) បន្ទាប់ពីបានធ្វើការរុករកអស់រយៈពេលជាង ២ខែ។ បន្ថែមពីលើនេះ អាជ្ញាធរនៅក្នុងតំបន់ក៏បានឱ្យដឹងដែរថា នៅមានផ្នូរបុរាណ ច្រើនជាង ១០កន្លែងទៀតនៅទីតាំងទាំងពីរនេះ។
គួរបញ្ជាក់ថា ការកំណត់អាយុកាលនៃវត្ថុបុរាណទាំង ៦០ ខាងលើ កំពុងស្ថិតនៅក្រោមការសិក្សា ខណៈបើតាមអ្នកជំនាញវា ប្រហែលជាមានអាយុកាល ២,០០០ឆ្នាំមកហើយ៕