(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់ បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើក្រុង ហ្គាសនី (Ghazni) នៃខេត្ត ហ្គាសនី (Ghazni) ស្ថិតនៅភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
លោក ឡាទីហ្វា អាកបារី (Latifa Akbari) ដែលជាប្រធានក្រុមប្រឹក្សាខេត្តខាងលើ បានបញ្ជាក់ថា ការផ្ទុះអាវុធដាក់គ្នាយ៉ាងក្តៅគគុករវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមបានកើតឡើងតាំងពីយប់រំលងអធ្រាតថ្ងៃសុក្រនេះ ហើយហាងមួយចំនួន នៅក្នុងទីក្រុងបានឆាបឆេះ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានឲ្យដឹងថា កងទ័ពត្រូវបានបញ្ជូនឲ្យមកជួយប៉ូលិសក្នុងតំបន់ ហើយទីក្រុងកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ប្រធានមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Ghazni បានប្រាប់ថា កងកម្លាំងសន្តិសុខ ០៩នាក់បានរងរបួស នៅក្នុងការវាយប្រហារដ៏តាលីបង់ និងកំពុងទទួលការសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។
គួរជម្រាបថា បើតាមអ្នកនាំពាក្យរបស់ក្រុមតាលីបង់វិញ ផ្នែកមួយចំនួននៃទីក្រុង បានធ្លាក់ក្រោមកណ្តាប់ដៃរបស់តាលីបង់ ហើយមនុស្សជាច្រើននាក់បានស្លាប់។ ម៉្យាងវិញទៀតសមាជិកតាលីបង់ ០៣នាក់ បានបាត់បង់ជីវិតហើយ ០៨នាក់ក៏បានរងរបួសផងដែរ៕