(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ០៣ បាននាំចូលធ្យូថ្មពីប្រទេសកូរ៉េខាងជើង ដោយក្លែងបន្លំថាជាផលិតផលរបស់រុស្ស៊ី ហើយដែលនេះគឺជាទង្វើរំលោភលើដំណោះស្រាយ នៃអង្គការសហប្រជាជាតិ (UN)។ នេះបើតាមមន្ត្រីពន្ធគយកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
មន្ត្រីពន្ធគយកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា ទីក្រុងសេអ៊ូល កំពុងត្រួតពិនិត្យលើករណីចំនួន ០៩ ដែលមានពាក់ព័ន្ធនឹងការនាំចូល ធ្យូងថ្មពីកូរ៉េខាងជើង ដោយរំលោភលើទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ទណ្ឌកម្មនេះត្រូវបានអនុម័តឡើងកាលពីខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងទប់ស្កាត់ប្រាក់ចំណូលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង កុំឱ្យយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា អាជ្ញាធរពន្ធគយកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនទាំងបីខាងលើនោះទេ ប៉ុន្តែបានបញ្ជាក់ថា ធ្យូងថ្មកូរ៉េខាងជើង ៣៥,០០០តោន ត្រូវបានដឹកមកកាន់កូរ៉េខាងត្បូងនៅចន្លោះពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៧។ ធ្យូងថ្ម ទាំងនេះមានតម្លៃសរុបជាង ៥.៨លានដុល្លារ៕