(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវគេមើលឃើញថា នឹងមិនចុះញមដូចគ្នាជុំវិញរឿងសង្រ្គាមពាណិជ្ជកម្ម នាពេលឆាប់ខាងមុខឡើយ ដោយវាអាចនឹងអូសបន្លាយរហូតដល់រាប់ឆ្នាំ មិនមែនរាប់ខែដូចការស្មានរបស់អ្នកវិភាគមួយចំនួននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
តាមរយៈការតាមដានព័ត៌មាន ស្តីពីកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន យើងប្រហែលជាអាចសន្និដ្ឋានថា ការព្រមព្រៀងសម្រុះសម្រួលគ្នានឹងកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានខែខាងមុខប៉ុណ្ណោះ។ យ៉ាងណាមិញលោក ត្រាំ និងលោក ស៊ី ត្រូវក្រុមអ្នកជំនាញមើលឃើញថា នឹងទទួលបានអត្ថប្រយោជន៍ផ្នែកនយោបាយរៀងៗខ្លួន ប្រសិនកិច្ចចរចាពាណិជ្ជកម្ម ត្រូវពន្យាពេលរហូតដល់ប៉ុន្មានឆ្នាំខាងមុខ។
គួរជម្រាបថា សង្រ្គាមពាណិជ្ជកម្ម ត្រាំ-ស៊ី អាចផ្តល់រនាំងការពារសម្រាប់ឲ្យទីក្រុងប៉េកាំង ធ្វើការអនុវត្តនូវគម្រោងកំណែទម្រង់ទ្រង់ទ្រាយធំរបស់ខ្លួន ហើយពេលដែលសេដ្ឋកិច្ចចិនជួបនឹងបញ្ហាប្រឈម រដ្ឋាភិបាលចិននិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នឹងទម្លាក់កំហុសទៅលើ លោក ដូណាល់ ត្រាំ ឯណោះវិញ។
សម្រាប់ផលចំណេញនយោបាយសម្រាប់លោក ត្រាំ វិញ ដរាបណាលោក ស៊ី នៅតែមិនបង្ហាញសញ្ញាចុះញមនោះ លោកប្រធានាធិបតីអាមេរិករូបនេះ នឹងត្រូវប្រជាជនមើលឃើញរូបនោះប្រៀបដូចជាវីរៈបុរសមួយរូប ដែលកំពុងតតាំងជាមួយនឹងចិនយ៉ាងដូច្នោះដែរ។ យ៉ាងណាក៏ដោយ អ្នកដែលរងផលប៉ះពាល់ពិតប្រាកដ គឺជាអ្នកធ្វើពាណិជ្ជកម្ម និងប្រជាជនរវាងប្រទេសមហាអំណាចទាំងពីរ៕