(ម៉ូស្គូ)៖ នាវបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរឈ្មោះ យូរ៉ាល់ (Ural) ត្រូវបានរុស្ស៊ីប្រកាសជាផ្លូវការហើយថា នឹងត្រូវបណ្តែតចូលទៅកាន់សមុទ្រទឹកកកអាក់ទិក នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
Ural គឺជានាវាបំបែកទឹកកកថ្មីសន្លាងមួយរបស់រុស្ស៊ី ដែលស្ថិតនៅក្នុងគំរោងលេខ ២២២២០ នឹងក្លាយជានាវាបំបែកទឹកកកធំជាងគេបំផុតលើលោក ដែលដោយថាមពលនុយក្លេអ៊ែរ និងមានម៉ាស៊ីនរ៉េអាក់ទ័រ RITM-200 ដ៏មានអានុភាពចំនួនពីរគ្រឿងឯណោះដើម្បីរុញល្បឿននាវាទៅមុខ។ នាវានេះមានតួនាទីល្បាត និងស្រាវជ្រាវនៅសមុទ្រទឹកកកអាក់ទិកនៃប៉ូលខាងជើងផែនដី ដោយវាមានសមត្ថភាពក្នុងបំបែកផ្ទាំងទឹកកកធំៗបាន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនផលិតនាវារុស្ស៊ីចំនួនពីរគឺ រ៉ូសាត់ថមហ្វ្លូត (Rosatomflot) និង បាល់ទិក (Baltic Shipyard) បានចាប់ផ្តើមកសាងនាវាមួយផងដែរដែលមានឈ្មោះថា អាកធីកា (Arktika) ដើម្បីដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩ ដូចគ្នានឹងនាវា Ural ផងដែរ។ Ural នឹងត្រូវបណ្តែតទៅក្នុងសមុទ្រនៅឆ្នាំ២០១៩ និងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ២០២១៕