(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ទីបំផុតបាន​ប្រកាស​ពី​គម្រោងប្រកបដោយ​មហិច្ឆតារបស់ខ្លួនថា​ កងទ័ព​អវកាស​នឹងត្រូវឡើងជា​កងអង្គភាព​ទី ៦ នៃយោធា​របស់សហរដ្ឋអាមេរិក មិនឲ្យលើសពី​ឆ្នាំ២០២០ នោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១០​ ខែសីហា ឆ្នាំ២០១៨។

នាពេលកន្លង​មកនេះ​លោក ដូណាល់ ត្រាំ បានខិតខំលើកស្ទួយ​គម្រោងខាងលើជាខ្លាំង ដោយលោក​ចង់បង្កើតកងកម្លាំង​យោធា​​ដាច់​ដោយឡែកមួយ ដែលមានសារៈសំខាន់​ស្មើនឹងកងទ័ព​អាកាស និងកងទ័ពជើង​គោកដែរ ប៉ុន្តែផ្តោតទៅលើ​ទីអវកាស។ សម្រា់​សេចក្តី​ប្រកាស​ស្តីពីព័ត៌មានលម្អិត​ នៃគម្រោងប្រកបដោយ​មហិច្ឆតា​នេះ ត្រូវបានធ្វើ​ឡើង​ដោយ​អនុប្រធានាធិបតី​អាមេរិក​លោក ម៉ៃក៍ ផែន (Mike Pence)។

គួរជម្រាបថា កងទ័ពអវកាសនេះ​ត្រូវគេរំពឹងថា មានទទួលបន្ទុក​សំខាន់ៗ​នៅទីអវកាស ដែលរួមមាន​ទាំង​ការគ្រប់​គ្រង​លើ​ផ្កាយរណប​ GPS និងប្រព័ន្ធ​សែនស័រ (Sensor) តាមដានការ​បាញ់មីស៊ីល​ជាដើម។ យ៉ាងណាមិញ ក្រុមអ្នករិះគន់​​បានមើលឃើញ​គម្រោងនេះថា​ជា​​​រឿងមិន​ចាំបាច់ និងចាយ​វាយ​ឥតប្រយោជន៍ ​ពីព្រោះថា​​កិច្ចទាំងនេះ កំពុងត្រូវបានមើលខុ​សត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ទ័ព​អាកាស​អាមេរិករួចស្រេច​ទៅ​ហើយ៕