(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ បាននិយាយថា កូរ៉េខាងជើងនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែរ ដើម្បីទុកវាជាមធ្យោបាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
លោក រី ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដើមកាលពីថ្ងៃអង្គារកន្លងទៅ។ ថ្លែងតាមរយៈសម្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប្រមុខការទូតកូរ៉េខាងជើងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារតែយើងដឹងថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលគោលនយោបាយអរិភាព របស់ខ្លួនចំពោះយើងឡើយ
យើងនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែររបស់យើង... វាពិតជាពិបាកណាស់ក្នុងការដោះស្រាយជាមួយសហរដ្ឋអាមេរិកហើយ ដើម្បីសម្រេចឱ្យបាននូវកម្មវត្ថុលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិកគួរតែគោរពតាមពាក្យសន្យារបស់ខ្លួន តែពួកមិនបានធ្វើដូច្នោះឡើយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក រី យ៉ុង ហូ កើតមានឡើងនៅចំពេលមានការព្រួយបារម្ភថា ភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ អាចនឹងផ្ទុះឡើងវិញ ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចេះតែចោទប្រកាន់គ្នាទៅវិញទៅមកនាពេលថ្មីៗនេះថា មិនបានអនុវត្តន៍តាមកិច្ចព្រមព្រៀងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា៕