យ៉េមែន៖ ទ័ពអាកាសក្រុមចំរុះអារ៉ាប់បើកការវាយប្រហារ ផ្តាច់ជីវិតមនុស្ស៥០នាក់ និងរបួស៧៧នាក់, អគ្គលេខាធិការ UN អំពាវនាវឲ្យបើកការស៊ើបអង្កេត! (video inside)
10-08-2018 08:59
(វ៉ាស៊ីនតោន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ មួយលើការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីតទៅលើរថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង នៅប្រទេសយ៉េមែន ដែលផ្ដាច់ជីវិតមនុស្សរាប់សិបនាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកអគ្គលេខាធិការបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមចំរុះលើផ្សារដ៏មមាញឹកមួយស្ថិតនៅក្នុងស្រុក ម៉ាចស៍ (Majz) នៃទីក្រុង សាអាដា (Saada) រួមទាំងការវាយប្រហារលើរថយន្ដក្រុងដឹកសិស្សសាលា។ មិនតែប៉ុណ្ណោះ លោកក៏បានអំពាវ នាវឱ្យមានការស៊ើបអង្កេតឯករាជ្យ លើការវាយប្រហារទាំងនេះផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយយ៉េមែនបានរាយការណ៍ថា ក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាន ដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើរថយន្ដក្រុងមួយគ្រឿង នៅឯលើផ្សារដ៏មមាញឹកមួយស្ថិតនៅក្នុងស្រុក Majz ដោយផ្ដាច់ ជីវិតមនុស្សយ៉ាងហោចណាស់ ៥០នាក់ ក្នុងនោះភាគច្រើនជាក្មេងសិស្សសាលា និង ៧៧នាក់ទៀតរងរបួស៕