(សានណា)៖ ប្រជាជនស្លូតត្រង់យ៉ាងតិច៤៣នាក់ ដែលភាគច្រើនក្នុងចំណោមនោះគឺជាកុមារ បានបាត់បង់ជីវិត នាថ្ងៃព្រហស្បតិ៍នេះ ក្រោមការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមយន្តហោះចម្បាំង ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចំលើរថយន្តក្រុងដឹកសិស្សប៉ុន្មានគ្រឿង ក្នុងខេត្តសាដា (Saada) ភាគខាងជើងប្រទេសយេម៉ែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរសុខាភិបាលរបស់យេម៉ែន ចំនួនមនុស្សស្លាប់នៅក្នុងការទម្លាក់គ្រាប់ខាងលើ គឺ៤៣នាក់ និងអ្នកទទួលរងរបួសចំនួន៦១នាក់ ហើយក្នុងចំណោមនោះ ភាគច្រើនគឺជាកុមារមានអាយុមិនដល់១០ឆ្នាំឡើយ។ ជុំវិញរឿងនេះ ក្រុមយោធាចម្រុះខាងលើដែលមានអារ៉ាប៊ីសាអូឌីត ជាអ្នកដឹកនាំ បានចេញមុខបកស្រាយថា ប្រតិបត្តិការតាមផ្លូវអាកាសរបស់ខ្លួន ដែលជាសកម្មភាពស្របច្បាប់នេះ គឺមានគោលដៅទៅលើក្រុមឧទ្ទាម ដែលបានបាញ់មីស៊ីលចូលមកភាគខាងត្បូងអារ៉ាប៊ីសាអូឌីត និងផ្តាច់ជីវិតមនុស្សម្នាក់ឯណោះទេ។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្ត បានចូលធ្វើអន្តរាគមន៍ក្នុងសង្រ្គាមនៅយេម៉ែន កាលពីឆ្នាំ២០១៥ ដើម្បីវាយកម្ចាត់ក្រុមឧទ្ទាមហ៊ូទី (Houthi) និងជួយឲ្យរដ្ឋាភិបានិរទេសដែលមានការទទួលស្គាល់ពីអន្តរជាតិឡើងកាន់អំណាចវិញ៕