(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបញ្ជាក់គោលជំហរថា រដ្ឋាភិបាលរបស់លោកនឹងមិនចុះ ចាញ់ឡើយក្នុងការពារសិទ្ធិ ហើយក៏នឹងមិនសូមទោសអារ៉ាប៊ីសាអូឌីតដែរ សម្រាប់ការរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស មួយនេះ៕
២៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងនឹងរៀបចំកិច្ច ប្រជុំកម្រិតខ្ពស់មួយនៅសប្ដាហ៍ក្រោយនេះ ដើម្បីត្រួតពិនិត្យនូវការអនុវត្ត តាមអ្វីដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួម Panmunjom ក៏ដូចជាពិភាក្សាផងដែរពីលទ្ធភាព នៃការរៀបចំនួនកំពូលរវាងមេដឹកនាំ នៃប្រទេសទាំងពីរជាថ្មីម្ដងទៀត៕
៣៖ តុលាការឧក្រិដ្ឋកម្មនៃប្រទេសអេហ្ស៊ីប បានសម្រេចផ្តន្ទាទោសប្រហារជីវិតមនុស្ស ៤៥នាក់ ជុំវិញការសម្លាប់បុគ្គល ០៣រូប នៅក្នុងការផ្ទុះអំពើហិង្សាដោយអាវុធ នៅខេត្តអាហ្សង់ឌ្រា (Alexandria) ភាគខាងជើងប្រទេសកាលពី ០៦ឆ្នាំមុន៕
៤៖ ទីក្រុងណាហ្គាសាគី (Nagasaki) នៃប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះបានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំលើកទី ៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក ក្រោមការចូលរួមជាលើកដំបូងពីសំណាក់ អគ្គលេខាធិការរបស់អង្គការ សហប្រជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) ខណៈក្រុមអ្នកប្រវត្តិសាស្រ្តអន្តរជាតិ បានឆ្លៀតរំលឹកជប៉ុនឲ្យចងចាំពីទង្វើ ដែលខ្លួនបានប្រព្រឹត្តកាលពីសម័យសង្រ្គាមលោកផងដែរ៕
៥៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះថា កងយន្តហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារ យ៉ាងក្តៅគគុកទៅលើមូលដ្ឋានយោធាយុទ្ធសាស្រ្តរបស់ក្រុមហាម៉ាស់ជាង ១៤០កន្លែង នៅក្នុងតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន៕
៦៖ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីបានកំណត់ថារុស្ស៊ីគឺជាអ្នកនៅពីក្រោយការវាយ ប្រហារដោយសារធាតុគីមីលើអតីតមន្ត្រីនៃទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់រុស្ស៊ីម្នាក់នៅក្នុងប្រទេសអង់គ្លេស៕